ផ្អើលទាំងយប់សមត្ថកិច្ចចាប់ជនជាតិចិន សង្ស័យក្រុមចាប់ជំរឹត ជនជាតិចិន ដូចគ្នា
ភ្នំពេញ ៖ ជនសង្ស័យជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់ជំរឹត ជនជាតិចិនដូចគ្នាកាលពី ប៉ុន្មានថ្ងៃមុន ហើយត្រូវបានជនរងគ្រោះ ប្រទះឃើញក៏បុកឲ្យដួលរងរបួសត្រូវជើងបាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នៅចំណុចជិតកន្លែងបូមទឹកមាត់ទន្លេជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថាជនរងគ្រោះជាជនជាតិចិន បានដាក់ពាក្យបណ្ដឹងនៅខាងខណ្ឌចំការមនពីបទចាប់ជំរឹតអស់លុយចំនួន៣ ម៉ឺនដុល្លារហើយត្រូវបានសមត្ថកិច្ចចាប់បានថ្ងៃទី១ ម្នាក់នៅថ្ងៃទី ២ខែឧសភាម្នាក់ទៀត បន្តបន្ទាប់ក្រោយមកជនរងគ្រោះប្រទះឃើញជនសង្ស័យនៅម្ដុំកោះពេជ្រ ហើយក៏ជិះឡានតាមរហូតមកដល់ចំណុចកើតហេតុខាងលើក៏បានកាកសួរនាំត្រូវជនសង្ស័យទាញកាំបិតដេញចាក់ធ្វើឱ្យជនរងគ្រោះបើករថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-3926បុកបណ្តាលឲ្យបាក់ទ្វារ របងដីឡូត៍មួយកន្លែងនិងរងរបួសជនសង្ស័យម្នាក់ដេកដួលនិងថ្នល់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗក៏ មានជនសង្ស័យពីរបីនាក់ទៀតបានដកកាំភ្លើងបាញ់មកលើជនរងគ្រោះត្រូវរថយន្តស្តារិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-0299 បណ្ដាលឲ្យបែកកញ្ចក់ រួចរត់ចូលទៅក្នុងផ្ទះវីឡាហើយបិទភ្លើងបិទទ្វារជិត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ដែល ត្រូវបានជនរងគ្រោះបុកឲ្យដួលយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីសួរនាំនិងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងផងដែរចំណែកឯជនរងគ្រោះនៅក្នុងរថយន្ដស្រីមួយប្រុសមួយគឺមានការរងរបួសដោយសារតែបុក ចំកៅអីរថយន្តត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕