បុរសម្នាក់លោត សម្លាប់ខ្លួនពីលើសណ្ឋាគារឡាក់គីស្ដារ២ ជាន់ទី៧ មិនដឹងមូលហេតុ
ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេបានលោតពីលើសណ្ឋាគារឡាក់គីស្ដារ២ ជាន់ទី៧ បណ្ដាលឲ្យបែកក្បាលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ធ្ងរ ស្លាប់បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១និង០០នាទី យប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅចំណុចសណ្ឋាគារឡាក់គីស្តារ២តាមណ្ដោយផ្លូវលេខ៣៣៦ ក្រុម ទី២០ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ: សម្បុររសល្មម , សក់ស្លូតវែង , ពាក់អាវសាច់ក្រណាត់ពណ៌ទឹកក្រូចដៃខ្លី , ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច និងពាក់ស្បែកជើងប៉ាត់តា ពណ៌ស ។
យោងតាមរបាយការណ័របស់នគរបាលបានអោយដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ថុក ថារី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកគ្រប់គ្រងផ្នែកសំអាត បន្ទប់ បានអះអាងថា៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥និង៤០នាទី ខ្លួនកំពុងធ្វើការ ស្រាប់តែបុគ្គលិកផ្នែកគិតលុយបានឆាតមក ប្រាប់ខ្លួនថា មានភ្ញៀវប្រុសម្នាក់អាយុប្រហែល២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ បានមកជួល បន្ទប់លេខ៧០៩ ជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្ដារ២ ស្នាក់នៅមួយយប់តម្លៃ១៨ដុល្លារ រួចហើយក៏ជួលឲ្យភ្ញៀវនោះសំរាកទៅ ដោយខាងអ្នកគិតលុយមិនបាន យកអត្តសញ្ញាណសម្គាល់របស់ភ្ញៀវនោះទេ រហូតដល់ម៉ោងប្រហែល ២២និង១៥នាទី ថ្ងៃដដែល អ្នកគិតលុយបានឆាតមកប្រាប់ខ្លួនថា ភ្ញៀវបន្ទប់លេខ៧០៩ បានលោតពីលើបន្ទប់ជាន់ទី៧ ធ្លាក់មកខាងក្រោមរបួសធ្ងន់ ត្រូវបាន ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះមកដល់ម៉ោងប្រហែល២និង០០នាទីរំលងអាធ្រាត្រ ជនរងគ្រោះខាងលើបានស្លាប់បាត់ហើយ ។
បច្ចុប្បន្ន: សពកំពុងតំកល់ទុក នៅកន្លែងតំកល់សព ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ រងចាំការិយាល័យជំនាញ និងគ្រូពេទ្យកោសល្យវិច័យពិនិត្យ និងក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕