អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការពាក់ព័ន្ធករណីឆក់កាបូប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១.ឈ្មោះ ឆៃ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
២.ឈ្មោះ រី មីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីវេលាម៉ោង ០២ និង ៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទាំង០២នាក់ ព្រមទាំងបក្ខពួកបានជិះម៉ូតូចំនួន០២គ្រឿង ០១គ្រឿងម៉ាក Exciter និង០១គ្រឿងទៀតម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HY-7963 ធ្វើសកម្មភាពឆក់ទៅលើជនជាតិចិនចំនួន០៤នាក់កំពុងដើរពុំបានសម្រេច ក៏ត្រូវបានជនរងគ្រោះស្រែកឆោរឡោឡើងបង្កការភ្ញាក់ផ្អើល រួចជនស្ស័យក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលនោះមានកម្លាំងល្បាតសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញបានឃើញហេតុការណ៍ជួយអន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ចំណុច ម៉ូឌែនប្រាំ ក្នុងខណ្ឌឫស្សីកែវ ពួកគេបានផ្តួលម៉ូតូភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង ចំណែកបក្ខពួកចំនួន០៣នាក់ទៀតកំពុងរត់គេចខ្លួន៕