នគរបាលខេត្តកំពង់ធំ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់
កំពង់ធំ៖ ដោយអនុវត្ថតាមការការដឹកនាំបញ្ជា
ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០កំលាំងជំនាញ របស់ផែននគរបាលព្រហ្មទណ្ឌសរុបចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ភិន ភាន នាយរងការិយាល័យ បច្ចេកទេស វិទ្យាសាស្រ្ត និងលោកអនុសេនីយ៍ឯក តាប់ លី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក)មួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ ឈាន ឈឿន ហៅ អូ ភេទ ប្រុស ស្ថិតនៅភូមិ រលួស សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្ថការបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៣នាក់រួមមាន ៖
ទី១-ឈ្មោះ ហាត មុំ ភេទស្រី អាយុ ៤៥ ឆ្នាំ អ្នកលេង ធ្វើមេជាមួយ ប្តី និងជាម្ចាស់ផ្ទះ ។
ទី២-ឈ្មោះ រឿង ស្រីល័ក្ខ ភេទស្រី អាយុ ២៨ឆ្នាំ ជាអ្នកលេង ។
ទី៣-ឈ្មោះ ប៊ុន ស្រីល័ក្ខ ភេទ ស្រី អាយុ ២៨ឆ្នាំ ជាអ្នកលេង ។
ចំណែកវត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន០៦គ្រឿងគ្រាប់ឡុកឡាក់ចំនួន ៧គ្រាប់ និងកែច្នៃមិនទាន់រួចចំនួន០៧ គ្រាប់,ចានចំនួន ០៣ គំរបចាន ចំនួន១, ហាន់តោចំនួន០២,ស្បែកជើងចំនួន០២ គូរកន្លះ,កាបូបស្ពាយចំនួន០១,កំរាលបេចំនួន ០១,ធុងប៉េត្រូចំនួន០៣,អំពូលភ្លើងចំនួន ០១,ទូរស័ព្ទ ចំនួន ០២គ្រឿងអាយភេត០១វីវ៉ូ,ធុងទឹកកកចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ឃាត់ទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សាកសួរយកចម្លើយ និងបំពេញសំណុំបែបបទតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំងអស់គ្នាដោយជៀសវាងការលេងល្បែងស៊ីសង ល្មើសច្បាប់គ្រប់ប្រភេទ ដែលអាចបង្កឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ និងបទល្មើសព្រហ្មទណ្ឌជាដើម ៕