Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ៖​ មន្ត្រី​រូបណាធ្វេីខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ គឺមិនត្រូវលេីកលែងឡេីយ នឹងត្រូវដាក់វិន័យ និងអនុវត្តតាមនីតិវិធីច្បាប់

ភ្នំពេញ៖​នៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ បានអញ្ជេីញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដែល​មានមន្ត្រីចូលរួមសរុបចំនួន ៧២៨ នាក់ ( បែកចែកជា៤វេន ផ្សេងគ្នា )ដេីម្បីផ្សព្វ​ផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការ បានកោតសរសេីរដល់កម្លាំងទាំងអស់ដែលបានខិតខំទាំងយប់ថ្ងៃក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់​បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វេីឲ្យអ្នកបេីកបរភាគច្រេីនបាន​ចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លេីង និងស្លាកសញ្ញាចរាចរណ៍ ។ ល ។

ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមាន​ការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដី​សមរម្យជាមួយប្រជាពលរដ្ឋ ។

ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បេីមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់​ដឹក​នាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង ។

ជាពិសេសឯកឧត្តមស្នងការ បានបញ្ជាក់​យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ត្រូវតែធ្វេីជា​គំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបេីកបរ ( អាចនិយាយបាន​ដោយប្រេីកាស ) ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែ​នាំ​របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕