ចាប់ខ្លួនចោរជំនាញកាច់សោរកម៉ូតូបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចបាត់
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោរកម៉ូតូបានសម្រេច ឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជិតផ្ទះចៅសម្បត្តិចាស់ តាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា មុនកើតហេតុគាត់ ទុកម៉ូតូ មួយគ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HU-2395 ដោយទុកនៅមុខផ្ទះកើតហេតុខាងលើ ខណៈ ពេលដែលកំពុងតែអង្គុយលេងទូរស័ព្ឌនៅក្នុងផ្ទះ ស្រាប់តែឃើញជនសង្ស័យពីរនាក់ដើរមកមុខផ្ទះរបស់គាត់ តែពេលនោះគាត់មិនបានចាប់អារម្មណ៍នោះទេ។ បានអង្គុយលេងបន្តទៀត ស្រាប់តែមានជនសង្ស័យម្នាក់ចូលមកកាច់កម៉ូតូរបស់គាត់និងម្នាក់ទៀតឈរមើលផ្លូវ។
នារីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីកាច់កម៉ូតូបានហើយ ជនសង្ស័យក៏បណ្តើរចេញ ភ្លាមៗនោះរូបនាងក្រឡេកទៅឃើញក៏បានស្រែកឆោឡោ ធ្វើអោយជនសង្ស័យដែលជាអ្នកកាច់កម៉ូតូបានរត់គេចខ្លួនបាត់ ចំណែកឯម្នាក់ទៀតដែលឈរមើលផ្លូវ ត្រូវកម្លាំងសមត្ថកិច្ចអូរបែកក្អម ល្បាតប្រទះឃើញចាប់បានយកមកប៉ុស្តិ៏ដើម្បីសួរនាំ ។
ក្រោយមក ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ អូរបែកក្អម យកទៅសួរនាំនិងធ្វើកំណត់ហេតុបញ្ជូន ទៅអធិការនគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត និងបានឲ្យនារីរងគ្រោះមកដាក់ពាក្យបណ្ដឹង និងបានប្រគល់ម៉ូតូអោយជនរងគ្រោះវិញ។ ចំណែកបក្ខពួកចោរម្នាក់ទៀត សមត្ថកិច្ចស្រាវជ្រាវតាមចាប់បន្តទៀត៕