មេនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងបើករថយន្តបុករនាំងរូបសំណាកលោកតាអាចារ្យលាក់ រួច ជេប្រមាថ លោកអភិបាលខេត្ត ត្រូវនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យចាត់វិធានការជាបន្ទាន់
កំពង់ធំ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ ចាត់វិធានការជាបន្ទាន់ តាមវិន័យកងកម្លាំងនគរបាលជាតិ ទៅលើ លោក រុំ សុវិជ្នានាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលផឹកស្រាស្ររឹងជោកជាំ បើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យរងការខូចខាត រួចបានស្រែកជេរប្រមាថយ៉ាងធ្ងន់ ទៅលោក អភិបាលខេត្តកំពង់ធំលោក សុខ លូ ថានៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ ស្របពេលដែល រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ មកម្លេះ បែជាខ្លួនឯងជាមន្ត្រីនគរបាលមានតួទាទីជានាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ថែមទៀតផង មិនអនុវត្ថតើឲ្យអ្នកណាធ្វើតាម ។
សូមបញ្ជាក់ថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ម្ដងរួចហើយ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនឹងចាត់វិធានការណ៍តាមវិន័យរបស់ កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។
មន្ត្រីនគរបាលរូបនេះកន្លងមកក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ ដែរកាលពីពេលដែលរូបគាត់បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡាបានមួយសន្ទុះ មានបក្ខពួកដែលគេដឹងថា ជា មន្ត្រីនគរបាលដូចគ្នា បាននាំគ្នាមករំដោះយករថយន្តបង្កហេតុទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ។
អ្នកដែលឃើញហេតុការណ៍បានសំណូមពរដល់ សម្ដេចក្រឡាហោម និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការឱ្យបានធ្ងន់ធ្ងរ ចំពោះបុគ្គល រូបនេះដើម្បីជាគំរូដល់មន្ត្រីដទៃទៀត និងដើម្បីចូលរួមការរឹតបន្ដឹងការនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយការសូមទោសណាមួយ វាមិនអាចបំពេញនូវទោស កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តឡើយ៕