ពាក្យចាស់ថា( ជង់មិនដែលភ្លេចកុក តែកុកភ្លេចជង់)លួចកាច់សោរកម៉ូតូបានសម្រេចរួចគេចខ្លួនបានមួយខែ ត្រូវនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ស្រាវជ្រាវចាប់បាន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព លួចកាច់សោរ កម៉ូតូ បានសម្រេច រួចគេចខ្លួនបាត់រយៈពេលមួយ១ខែ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន បានកាលពីវេលាម៉ោង០៥និង៣០នាទីទាបភ្លឺថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០នៅចំណុចមុខផ្ទះអត់លេខ ផ្លូវដួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ញឹម ជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ និងស្នាក់ការមិនពិតប្រាកដ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាង លើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានធ្វើការស្រាវជ្រាវ និងឆែកមើលកាម៉ារ៉ា សុវត្ថិភាព និងល្បាតក្នុងមូលដ្ឋាន ក៍ប្រទះឃើញ បុរសជាជនសង្ស័យ ដែលមានភិនភាគ ដូចក្នុង រូបកាម៉ារ៉ា សុវត្ថិភាព ដែលកំពុងដើរតាម បណ្ដោយផ្លូវដួងងៀប ទេីបសមត្ថកិច្ច ឃាត់ខ្លួន យកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង ។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព កាច់សោរកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។
លោក ឯម ភារី បានអោយដឹងបន្តទៀតថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះម្នាក់ បានមកដាក់ពាក្យបណ្ដឹង ថាមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព កាច់ កម៉ូតូ របស់ខ្លួនម៉ាកZOMER X យកទៅបាត់បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ ជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានធ្វើការស្រាវជ្រាវ រហូតមកដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីទាបភ្លឺ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញ បុរសជាជនសង្ស័យ កំពុងដើរតាម បណ្ដោយផ្លូវដួងងៀប ទេីបសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ប៉ុស្តិស្ទឹងមានជ័យ៣ ធ្វើកំណត់ហេតុ បញ្ជូនខ្លួនទៅ អធិការនគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕