Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សមិទ្ធិផលថ្មី រូបសំណាក គោបូរៈទី៥នៃប្រាសាទព្រះវិហារ ត្រូវបាននិម្មិតឡើង នៅរង្វង់មូលប្រជុំជនស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ..

ខេត្តព្រះវិហារ៖ សំណង់រូបសំណាកគោបូរៈទី៥ នៃប្រាសាទព្រះវិហារ កេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលជាស្នាដៃ ស្ថាបត្យករខ្មែរជំនាន់ថ្មី នាសម័យតេជោសែន ត្រូវបាននិម្មិត លេចចេញជារូបរាង្គហើយ នៅលើរង្វង់មូលថ្មី នៃប្រជុំជន ស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយដែលគ្រោងបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។
ស្ថាបត្យកម្ម ដែលបង្ហាញស្នាដៃ របស់កូនខ្មែរ សម័យថ្មីនេះចង់បង្ហាញពីសមត្ថភាព យ៉ាងពិតប្រាកដទៅកាន់ពិភពលោកថា កូនខ្មែរពិតជា អាចធ្វើបាន និងមិនអន់នោះឡើយ ហើយដែលសំណង់ដ៏ល្អនេះ បានចាប់សាងសង់ឡើង កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៨ និងបានបញ្ចប់ ការសាងសង់ នៅពាក់កណ្តាល ខែឧសភាឆ្នាំ២០២០នេះ ក្រោមគម្រោងស្ថាបនា របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំនការស្ថាបនា ដោយចំណាយថវិកាអស់ ប្រមាណជាង ១២ម៉ឺន ៥ពាន់ ដុល្លារអាមេរិក ដែល បានមកពីការ រួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំនជាន់ខ្ពស់ នៃរដ្ឋបាលជាតិ និងរដ្ឋបាល ខេត្តព្រះវិហារ។
លោក សំលាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ថាសំណង់រូបសំណាក គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ជាសំណង់ថ្មីមួយ សាងសង់រំលេចឡើង លំនាំរចនាបថខ្មែរសុទ្ធសាធ ដែលជានិមិត្តរូប នៅក្នុងកំណត់ត្រា ប្រវត្តិសាស្ត្រ របស់ដូនតាខ្មែរបាន បន្សល់ទុក ហើយថា សំណង់នេះ ត្រូវបានសាងសង់ នៅលើ រង្វង់មូលស្រអែម នៃចំណុចប្រសព្វផ្លូវបំបែកជា៣ នៃឃុំស្រអែម ស្រុកជាំក្សាន្ត។
លោកថា រង្វង់មូលថ្មីនេះ សាងសង់នៅលើអង្កត់ផ្ចិត៤០ម៉ែត្រ និងរូបសំណាក គោបូរៈទី៥ សង់ឡើង ក្នុងខ្នាត១លើ២៥ ស្មើ៧៥ភាគរយ តួរដើម នៃប្រាសាទព្រះវិហារ ដោយមាន រូបនាគ២ នៅអមសងខាងផ្លូវចូល ហើយនៅលើរង្វង់មូលនេះ ទៀត ក៏មានសួន កំសាន្ត កន្លែងហាត់ប្រាណ មានការដាំដើមឈើ ដើមផ្កា និងដាំស្មៅ ដើម្បីលំអរយ៉ាងស្រស់ស្អាត ថែមទៀតផង។
ស្រុកជាំក្សាន្ត នៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវគេដឹងថា គឺជាសមរភូមិប្រយុទ្ធ ដ៏ក្តៅគគុកមួយ រវាងកងទ័ពព្រៃ និងកងទ័ពរដ្ឋាភិបាលកម្ពុជា នាសម័យអតីតកាល។ រីឯការធ្វើដំណើរ ទៅកាន់ស្រុកដាច់ស្រយាល មួយនេះ គឺពោពេញទៅដោយការលំបាក ស្មុគស្មាញ ទាំងសន្តិសុខ សុវត្ថិភាព ហើយត្រូវ ចំណាយពេលវេលា ក្នុងការធ្វើដំណើរ យ៉ាងហោចណាស់ ក៏៣ថ្ងៃនោះដែរ នៅលើកំណាត់ផ្លូវចេញពីទីរួមខេត្ត ប្រមាណ៨៥គីឡូម៉ែត្រ៕