បេីករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តបាឡែនពេញទំហឹង រួចព្យាយាមបេីករត់
ភ្នំពេញ ៖ ស្ត្រីជនបរទេសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿង ប៉ើង ទៅបុកផ្ទប់បង្គោលស្លាកសញ្ញាលេខផ្លូវ និង គាប់ជាប់ដើមត្របែកព្រៃខ្ទេចមួយកំណាត់មុខ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របង រក្ខាប្រមាញ់ និង នេសាទ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អង្គភាព កោះប៉ែន ឱ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញបុរសវ័យចំណាស់ម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-8081 បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយូតា វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2I-1367 ដែលបើកបរដោយស្ត្រីម្នាក់ជាជនជាតិបរទេសដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលដែលមកដល់ចំណុចកើតហេតុអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុករថយន្តកាមរីបាឡែនចំចំហៀងខាងឆ្វេងបណ្ដាលរថយន្តកាមរីបាឡែនរេចង្កូតទៅបុកផ្ទប់បង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវ នឹង ខ្ទប់ដើមត្របែកព្រៃរងការខូចខាតរថយន្ដស្ទើរតែទាំងស្រុងផងដែរ។ ភ្លាមនោះម្ចាស់រថយន្តវីហ្គោ គឺមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានបន្ថែមល្បឿនបើករត់គេចរហូតទៅដល់ផ្លូវលេខលេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលមានចម្ងាយប្រហែលជា ២គីឡូម៉ែត្រ ពីចំណុចកើតហេតុទើបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង បានទំនាក់ទំនងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង ០២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕