ជិះម៉ូតូឆក់កាបូបបានសម្រេច ព្យាយាមជិះគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញក្របួចបាន
ភ្នំពេញ ៖ កម្លាំងខណ្ឌដង្កោបានដេញស្ទាក់ចាប់ជនសង្ស័យម្នាក់ដែលជិះម៉ូតូឆក់កាបូបពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផន អុីម ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ យ៉ង តូច ភេទស្រី អាយុ២២ឆ្នាំមុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង២៥នាទី ជនរងគ្រោះឈ្មោះ យ៉ង តូច ភេទស្រីអាយុ២២ឆ្នាំ និងមិត្តភក្តិឈ្មោះ សៃ មុំ ភេទស្រីអាយុ២៣ឆ្នាំ បានហៅផាសអេប ជិះចេញពីបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅហូបមីឆានៅក្នុងបុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះ និងមិត្តភក្តិ បានជិះផាសអេបទៅដល់ចំណុចខាងលើ ហើយបម្រុងចុះពីលើផាសអេបទៅហូបមីឆា ក៏មានជនសង្ស័យឈ្មោះ ផន អុីម ភេទប្រុសអាយុ២៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាមហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ម្នាក់ឯង បាន ធ្វើសកម្មភាពឆក់យកកាបូបលុយរបស់ជនរងគ្រោះដែលនៅក្នុងកាបូបលុយនោះមានលុយខ្មែរចំនួន២០៦០០០រៀល (ម្ភៃម៉ឺនប្រាំមួយពាន់រៀល) លុយដុល្លារចំនួន២១ដុល្លារ និងទូរស័ព្ទដៃម៉ាកOppo ចំនួន០១ គ្រឿង រួចបើកម៉ូតូគេចខ្លួន។ ហើយជនរងគ្រោះក៏បានស្រែកឆោឡោថាចោរៗ រួចក៏មានសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ បុរីភ្នំមាសផ្លូវបេតុង ស្ថិតនៅភូមិ សង្កាត់ម័ល ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួនទៅក្នុងប្រឡាយទឹក ហើយសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួន ជនសង្ស័យបានរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាតនិងឃុំខ្លួននៅអធិការខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕