Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ភ្លើងប្រចណ្ឌចាក់សាំងដុតសម្លាប់ប្រពន្ធរួចរត់គេចខ្លួន៤ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន​បាន

ភ្នំពេញ​ ៖​ បុរសចិត្តខ្លាំងចាក់សាំងដុតសម្លាប់ប្រពន្ធព្រោះភ្លើងប្រចណ្ឌរួចរត់គេចខ្លួនបាន​ចំនួន៤ថ្ងៃត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់​ខ្លួនបានហើយ​ ​កាលពីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២០​ នៅក្នុងព្រៃ នាឃុំរស្មីសាមគ្គីស្រុក​រ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការនេះធ្វើឡើងដោយកម្លាំង​នាយក​ដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងនគរបាលខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ងួន ហៅតឿ អាយុ​៥១ឆ្នាំ មុខរបរកម្មករសំណង់ បានចាក់សាំងដុតសម្លាប់ប្រពន្ធឈ្មោះ សរ ចាន់ អាយុ​៤៧​ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅចំណុចភូមិព្រៃផ្ចឹតឃុំឈ្វាំងស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០កន្លងទៅ ។

សមត្ថកិច្ចបញ្ជាក់ថា កន្លងមកជនរងគ្រោះនិង​ជនសង្ស័យ បានមានទំនាក់ទំនងស្នេហា និងបានរស់នៅជាមួយគ្នាជាប្តី ប្រពន្ធរហូតមកតាំងពីឆ្នាំ២០១៨។
លុះមកដល់អំឡុងខែឧសភា ឆ្នាំ២០២០ ជន​សង្ស័យបានផឹកស្រាស្រវឹង​ ហើយបានមក​រក​រឿងជនរងគ្រោះ ដោយប្រចណ្ឌជនរង​គ្រោះ និងចោទថា ជនរងគ្រោះ លួចមាន​ប្រុសថ្មី ហើយមិននិយាយរកគ្នាជាង​០១ខែ​មកហើយ។

លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានសុំជន​រងគ្រោះត្រូវគ្នាវិញ​ប៉ុន្តែជនរងគ្រោះមិន​ព្រម បន្ទាប់មកជនសង្ស័យ ទៅដេកលើគ្រែក្នុងផ្ទះតែម្នាក់ឯង ។​ ចំណែកជនរងគ្រោះបានដេក​លើគ្រែខាងមុខជាមួយកូនស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៩ឆ្នាំ ។
ពេលនោះស្រាប់តែជនសង្ស័យ បានយក​សាំង០៤ដបទឹកសុទ្ធ ចំណុះកន្លះលីត្រស្មើ០២​លីត្រដែលបានទិញទុករួចជាស្រេចយក​ទៅ​ចាក់ស្រោចលើជនរងគ្រោះ រួចដុតតែម្ដង ហើយជនសង្ស័យ លូនចេញតាមប្រឡោះក្តារជញ្ជាំងផ្ទះ គេចខ្លួនបាត់​ ។

ភ្លាមនោះកូនស្រី របស់ជនរងគ្រោះភ្ញាក់ដឹង​ខ្លួន ឃើញភ្លើងឆេះម្តាយ ក៏ស្រែកឆោឡោឲ្យគេជួយពន្លត់ និងបានដឹកយកម្តាយទៅ​ព្យាបាលរបួស នៅមន្ទីរពេទ្យ កាល់ម៉ែត្ររាជធានីភ្នំពេញ រហូតដល់ម៉ោង១១ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ បានរថយន្តរបស់មន្ទីរពេទ្យ ដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញដើម្បីធ្វើ​បុណ្យតាមប្រពៃណី ៕