Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សមាគមមិត្តនគរបាលជាតិកម្ពុជា ស្នើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយកែលម្អការ​សម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែល​ប៉ះពាល់ដល់នគរបាលជាតិ

ភ្នំពេញ ៖ សមាគមមិត្តនគរបាលជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការមួយជូនដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយ​សំណូមពរឲ្យជួយពិនិត្យកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួន ដែលបាន​និពន្ធ និងដឹកនាំការសម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។

លិខិតរបស់សមាគមមិត្តនគរបាលជាតិ​កម្ពុជា​បានលើកឡើងថា«មួយរយៈកន្លងមកនេះជា​ពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួង​មហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគម​មិត្តនគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេត​ឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែល​មានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាក​សញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបាន​ប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង»។

សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តថា តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ត្រូវបានមជ្ឈដ្ឋានខាងក្រៅធ្វើការចែករំលែកគ្នាទៅ​វិញទៅមកយ៉ាងទូលំទូលាយ នៅក្នុងបណ្ដាញសង្គម ដែលសមាគមមិត្តនគរបាលជាតិកម្ពុជា បានយល់ឃើញថា ពិតជាមានផលប៉ះពាល់ជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ដែលបាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សមាគមមិត្តនគរបាលជាតិកម្ពុជា សូមសំណូមពរដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាពិនិត្យ និងជួយសម្រួល​ចាត់វិធានការកែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមាន ចំណុចខ្វះខាតតាមការគួរ៕