សាហាវណាស់ ! បាញ់សំលាប់ប្លន់យកម៉ូតូទាំងថ្ងៃរួចគេចខ្លួនដោយសុវត្ថិភាព
ព្រៃវែង៖ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុមបាញ់សម្លាប់ប្លន់យកម៉ូតូបានសម្រេចរួចខ្លួនបាត់ស្រមោល
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣៧នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ ប៊ុត វណ្ណា អាយុ២៨ឆ្នាំ មុខរបរជាជ័រកៅស៊ូ ស្នាក់នៅភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែកម៉ូតូ ដែលជនសង្ស័យប្លន់យកទៅម៉ាកហុងដា ឌ្រីមសង់ ស៊េរី២០១៨ពាក់ផ្លាកលេខ ព្រៃវែង 1M-5254។
យោងតាមប្រភពពីសាក្សីបានអោយដឹងថាមុនកើតហេតុជនរងគ្រោះចេញពីលាងម៉ូតូ បំណងជិះត្រឡប់ទៅផ្ទះវិញលុះបើកមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យមួយក្រុមដកកាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ០១គ្រាប់ត្រូវចំចង្កេះបណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ តែជាអកុសល ពេលទៅដល់ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ។
នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញ វត្ថុតាងក្បាលគ្រាប់ចំនួន០១ នៅបៀមជាប់ជនរងគ្រោះ ប្រភេទក្បាលគ្រាប់រ៉ូឡូ ១៧X៧មីលីម៉ែត្រ។
បច្ចុបន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕