កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបើកប្រតិបត្តិការបង្ក្រាបក្រុមឆក់យ៉ាងសកម្មបាន៤នាក់
ភ្នំពេញះ កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកប្រតិបត្តិការណ៍ បង្ក្រាប ជនសង្ស័យ ៤នាក់ ស្ដីពីការករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីជនបរទេស ម្នាក់បានសម្រេច កាលពីអំឡុងខែ កក្កដានេះ នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និង ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង
លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។
សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាកាលពីអំឡុងខែ កក្កដា ឆ្នាំ២០២០នេះ មានជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ កាបូបពីនារី ជាជនជាតិជប៉ុន ម្នាក់ បានសម្រេច នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជនសង្ស័យបាន រត់គេចខ្លួនបាត់អស់ទៅ លុះដល់ថ្ងៃនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយះពេល៩ថ្ងៃ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តការណស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅទីតាំងផ្សេងគ្នា និង បានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី ២០២០ ពាក់ស្លាកលេខ ភ្នំពែញ 1IC-1459 ជាម៉ូតូធ្វើសកម្មភាព។
សមត្ថកិច្ចបានបន្ថែមថាជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនមានទី១ ឈ្មោះ ផែន តុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឆក់) ។
ទី២ ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (អ្នកឌុប) ។
ទី៣ ឈ្មោះ ហេង យីហុង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស (បិទគូថ)។ និង ទី៤ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១អឺ០ ផ្លូវលេខ ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ រាជធានីភ្នំពេញ
ក្រោយពេលកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសួរនាំ និង ប្រគល់ជនសង្ស័យ និង វត្ថុតាងទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕