Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អគ្គស្នងការនគរបាលជាតិ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន នគរបាលខេត្តព្រៃវែង៧ នាក់ក្រោយធ្វើទារុណកម្មលើយុវជន២នាក់ ដើម្បីជំរិតយកលុយ​៤លានរៀល

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង០៧នាក់ ដែលបានប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ៖

១.នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែងបង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។

២.កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២ នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម ហើយក្រោយមកបានប្រគល់ជនទាំង០២នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង ៕