Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បង្ក្រាបគ្រឿងញៀនជិត​ ២០០គីឡូក្រាម​ និងសារធាតុគីមីសរុបជាង​ ៣០០០គីឡូក្រាម​ សម្រាប់ផលិតគ្រឿងញៀន នៅក្រុងភ្នំពេញ

 

ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ១៤កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនឆ្លងដែននាំចេញទៅកោះតៃវ៉ាន់ ដោយរឹបអូសគ្រឿងញៀនជិត​២០០គីឡូក្រាម និងសារធាតុគីមី​ សរុបជាង​៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿង​ញៀន។

ប្រតិបត្តិការដ៏ធំនេះ​ ក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ​ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ បម្រុងនាំ​ចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយនៃ ប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នៅថ្ងៃអាទិត្យទី១៩ខែកក្កដាឆ្នាំ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខ​ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយ​សហការជាមួយអង្គភាពអន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ ក្នុងភូមិ​សាស្ត្រខណ្ឌជ្រោយចង្វា ដោយឃាត់ជន​សង្ស័យម្នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿង​ញៀនចំនួន១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។

ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនបន្តស្រាវ​ជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន​បានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿង​ញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។

ដោយមានការឯកភាពអន្តរាគមន៍ពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធ​ បានបន្តចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។

តាមការបញ្ជាក់ ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេ​ខ្លោងនៅឯបរទេស ហើយមានបំណងនាំ​ចេញទៅកោះតៃវ៉ាន់ក្នុងពេលឆាប់ៗខាងមុន​នេះ។

បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តនិងស្រាវជ្រាវ​មុខសញ្ញាមេខ្លោងនៅឯបរទេស និងមុខ​សញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់​៕