សមត្ដកិច្ចចាប់បានហើយ! ឃាតកដែលរំលោភសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល
ភ្នំពេញ ៖ ជនសង្ស័យដែលជាឃាតករំលោភក្មេងស្រីក្នុងបន្ទប់ជួល រួចសម្លាប់នៅខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលម្សិញមិញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០នេះ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ។
នគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី ។ ហើតបើតាមចំលើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ម្នាក់ឯង ក៏ចូលក្នុងបន្ទប់ចាប់និងអារ.ក ទើបរំលោភ។
ពេលនេះឃាតក ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងបន្តនីតិវិធី។
សូមជម្រាបថា ក្មេងស្រីម្នាក់ ត្រូវបានឃាតករំលោភ រួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយនៅក្នុងថ្លុកឈាម
សាកសពក្មេងស្រីរងគ្រោះ ត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានសម្លាប់នោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ព្រោះតែការតក់ស្លុតខ្លាំងពេក ម្ដាយបានយំសោករហូតដល់សន្លប់។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះអ្នកជិតខាងជាមួយម្ដាយ ក្រោយមកមេឃ ងងឹតជិតធ្លាក់ភ្លៀង នាងបានទៅប្រមូលខោអាវ ដែលហាលទុកនៅជិតបន្ទប់ជួលដែលស្នាក់នៅ ហើយក៏បាត់រហូតមិនបានឃើញត្រឡប់ទៅរកម្ដាយវិញឡើយ។ ចំណែកម្ដាយក៏មិនបានទៅតាមកូនស្រីដែរ។
លុះក្រោយពីរាំងភ្លៀងរយៈពេល១ម៉ោងក្រោយមក មានយុវជនម្នាក់ដែលត្រូវជាក្មួយគាត់ និងជាបងប្រុសជីដូនមួយនារីរងគ្រោះ ជិះម៉ូតូទៅកាន់បន្ទប់ជួលនោះ ក្នុងបំណងឌុបកូនប្រុសគាត់ម្នាក់ទៀត ដែលត្រូវជាបងប្រុសបង្កើតនារីរងគ្រោះ ទៅរកហូបអាហារល្ងាចនៅខាងក្រៅ។
ពេលទៅដល់បានប្រទះឃើញនាងរងគ្រោះស្លាប់ ដោយអាក្រាតកាយនៅក្នុងថ្លុកឈាម និងមានស្នាមអារ.កថែមទៀត ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើលហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យ ។