Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ លាក់ទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់!

សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ និងលាក់ទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ចំនួន២ដើម។
ជនសង្ស័យឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូឱសថបុរាណ តែដើរតាំងខ្លួនជាឧត្តមសេនីយ៍យោធា ស្រុកកំណើត ភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានឆបោកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់សរុប ៣២១០០ដុល្លារអាមេរិក ពិតប្រាកដមែន ពាក់ព័ន្ធករណីទិញលក់សំរឹទ្ធ នៅពេលដែលជនរងគ្រោះដឹងខ្លួនថាត្រូវបានជនសង្ស័យបោកប្រាស់ ជនសង្ស័យក៏បានផ្ញើសារទៅកាន់ជនរងគ្រោះ គំរាមកំហែងម្តងហើយ ម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនង Messenger ដោយប្រើពាក្យសម្តីថា នឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរ។
ដោយមានការភ័យខ្លាច ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លីចំនួនពីរដើម គឺ ម៉ាក K54 និង ម៉ាក Swees នៅចំណុច ភូមិខ្វា ទល់មុខធនាគារ អេស៊ីលីដា ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលអាវុធទាំងពីរដើមខាងលើ ជនសង្ស័យប្រាប់ថា រូបខ្លួនបានទិញពីអ្នកស្គាល់គ្នា ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយ៕