Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសស្ត្រី២នាក់ត្រូវ​រថយន្តដឹកមេស៊ីម៉ង់ត៍បើកបុកស្លាប់យ៉ាងអាណោច​អធម៌

ភ្នំពេញ ៖​ សាហាវណាស់! រថយន្តដឹកមេសុី​ម៉ង់ត៍​ បើកលឿនមិនប្រយត្ន័ជ្រុលបុកម៉ូតូកង់បី​ឥណ្ឌាពីក្រោយផ្ទាប់នឹងរថយន្តពីមុខមួយ​គ្រឿងទៀត​ ហើយរថយន្តបង្កព្យាយាមបើក​គេចទាំងម៉ូតូកង់បីជាប់ខាងក្រោម​ អូសរាប់​រយម៉ែត្របណ្ដាលឲ្យបុរសអ្នករត់ម៉ូតូកង់បី​ឥណ្ឌាម្នាក់និងស្ត្រីរួមដំណើរ ម្នាក់ទៀតបែក​ក្បាលស្លាប់ទាំង២នាក់គួរឲ្យរន្ធត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង​៤០​នាទីយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០នៅត្រង់ចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង​ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែង និងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះទី១មានឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានស្រុកកំណើត​ នៅភូមិ​ត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
សពរងគ្រោះទី២មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ​សង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានី​ភ្នំពេញ។​ ចំណែកអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌​ស មួយគ្រឿង ពាក់ផ្លាកលេខតាកែវ1​T-0003​ ដឹកស្ត្រីម្នាក់ជាភ្ញៀវ ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅ​ពីត្បូងទៅជើង លុះមកដល់ចំណុចកើត​ហេតុខាងលើបានឈប់ចាំស្តុបនៅខាង​ក្រោយរថយន្ត ហ៊ីលុច រីវ៉ូ មួយគ្រឿង ពណ៌​ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BG-​6001​ ខណៈពេល​កំពុងឈប់ក៏មាន រថយន្តដឹកមេស៊ីម៉ង់ត៍មួយគ្រឿងក្បាល​ ពណ៌បៃតងពាក់ផ្លាក លេខ​ភ្នំពេញ3A-3667បើកបរដោយបុរសម្នាក់ធ្វើដំណើរ មកពីក្រោយក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយត្ន័ក៏ជ្រុលបុកម៉ូតូកង់បីពីក្រោយរុញទៅផ្ទប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូ បណ្ដាលឲ្យរថយន្តហ៊ីលុច រីវ៉ូ វិល​មួយជុំទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត ពណ៌ទឹកសមុទ្រពាក់ផ្លាកលេខ​ភ្នំពេញ2BH-2135បើកបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ចំណែក​រថយន្តបង្កបានព្យាយាមបើករត់ទាំងម៉ូតូកង់បីជាប់នៅខាងក្រោមកិនអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូកង់បីគៀបជាប់ចំណែកស្ត្រីរួមដំណើរបែកក្បាលខ្ទាតស្លាប់ទាំង២នាក់យ៉ាងអណោចអធ័ម។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍នៅនិងកន្លែងកើតហេតុធ្វើការឃាត់បានតែកុងរថយន្តភ្លាមៗរួចបញ្ជូនទៅអធិការការដ្ឋាន​នគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ តាមនិតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញដើម្បីបន្តនិតិវិធី​ច្បាប់​ ។​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកយកទៅ​តម្កល់នៅវត្តទឹកថ្លា រងចាំសាច់ញាតិមក​ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕