សាហាវណាស់ ! ជនសង្ស័យម្នាក់ដកកាំភ្លើងបាញ់មេជាងកាត់សក់ម្នាក់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ បុរសជាមេជាងកាត់សក់ម្នាក់ត្រូវបានជនសង្ស័យបាញ់មួយគ្រាប់ចំដើមទ្រូងស្លាប់គួរអោយរន្ធត់ សង្ស័យរឿងគំនុំគំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃសៅរ៏ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជនរងគ្រោះ(យីហោ កាត់សក់ សុខម៉េង) តាមបណ្ដោយផ្លូវលេខ ២៩១ នៅខាងត្បូងសាលាទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុខ គេន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមេជាងកាត់សក់ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងកូនស្រី៤នាក់ មានស្រុកកំណើត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេបានរត់គេចខ្លួនបាត់។
យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាជនរងគ្រោះបានមកជួលផ្ទះនៅកន្លែងកើតហេតុខាងលើប្រកបមុខរបរកាត់សក់រយៈពេល២០ ឆ្នាំកន្លងមកហើយ ដោយមានទាំងកូនជាងបួនទៅប្រាំនាក់ទៀត។ចំណែកជនសង្ស័យបានមកជួលផ្ទះជាប់នឹងផ្ទះជនរងគ្រោះរយៈពេលប្រមាណជាង៣ខែប៉ុណ្ណោះដោយលក់អីវ៉ាន់ចាប់ហួយនិងភេជ្ជ: ។ប្រភពដដែលបានបន្តទៀតថាជនរងគ្រោះមិនដែល មានទំនាស់អ្វីជាមួយជនសង្ស័យនោះទេ ដោយកន្លងមកថ្មីៗ នេះ ជនសង្ស័យបានអាក់អន់ស្រពោនចិត្ត រឿងចំណីផ្លូវ នៅមុខផ្ទះ ដោយជនរងគ្រោះបានយកម៉ូតូនិងឡានយកទៅចតមុនផ្ទះជាប់ខាងរបងប៉ាស្ទ័រដោយជនសង្ស័យរកកន្លែងចតមិនឃើញ ជនសង្ស័យបានប្តឹងទៅខាងសាលាសង្កាត់ឲ្យចុះមកធ្វើការណែនាំទៅលើជនរងគ្រោះដែលយកឡានម៉ូតូទៅចតលើចំណីផ្លូវនៅមុខផ្ទះ បន្ទាប់មកខាងសង្កាត់ក៏បានចុះមកប្រាប់ជនរងគ្រោះឲ្យឈប់យកម៉ូតូឡានចតនៅកន្លែងហ្នឹងទៀត ខ្លាចមានទំនាស់គ្នាទៅថ្ងៃក្រោយ។
លុះដល់ម៉ោងកើតហេតុជនរងគ្រោះនិងកូនជាង បាននាំគ្នាផឹកស៊ីបន្តិចបន្តួចនៅខាងមុខផ្ទះ ក្រោយផឹកស៊ីរួចជនរងគ្រោះក៏បានយកសម្ភារះដែលនៅមុខផ្ទះយកទុកក្នុងផ្ទះ ខណះនោះលេចមុខជនសង្ស័យបានមកវាយជនរងគ្រោះមួយប្រាវដោយមិនដឹងមូលហេតុ ភ្លាមៗ នោះរូបគាត់ឃើញគេវាយសាច់ញាតិរបស់ខ្លួនបានចូលទៅសួរនាំថាហេតុអ្វីបានជាវាយគាត់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះមួយគ្រាប់ចំដើមទ្រូងបណ្ដាលឲ្យស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។ចំណែកជនសង្ស័យក្រោយពីបាញ់សម្លាប់ជនរងគ្រោះរួចក៏បានឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើនិងបាន រាយការណ៍ទៅផ្នែកជំនាញកោសល្យវិច្ឆ័យចុះមកពិនិត្យ ក្រោយពីជំនាញផ្នែកកោសល្យវិច្ឆ័យបានពិនិត្យទៅលើសពរួចបានប្រាប់ថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវគ្រាប់ចំដើមទ្រូងពិតប្រាកដមែនរួចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចនិងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូូវច្បាប់៕