តំណាងអយ្យការចោទប្រកាន់ ស្មៀនឃុំព្រះស្រែ និងបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្ត
(កំពង់ស្ពឺ)៖ ទីបំផុត! លោកព្រះរាជអាជ្ញារង អ៊ូ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រាកាន់លើជនត្រូវចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាននីតិវិធី។
លោកព្រះរាជអាជ្ញារង អ៊ូ ផាត បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ហ៊ុយ សេង មន្ត្រីស្មៀនឃុំព្រះស្រែ ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ជនត្រូវចោទឈ្មោះ ហ៊ុយ សេង ដែលធ្លាប់ប្រកាសប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ ត្រូវបានពលរដ្ឋប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្តិ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
សូមជម្រាបជូនថា ជនត្រូវចោទ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវរូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹងទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរកាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈ។
ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរជំនាញថ្នាក់លើណា ហ៊ានឲ្យមន្ត្រីស្មៀនដែលមានលុយរាប់មិនអស់រូបនេះ វាយរបងបេតុងនោះចេញនៅឡើយទេ គឺបានត្រឹមតែចុះពិនិត្យ និងធ្វើកំណត់ហេតុជូនថ្នាក់លើថាពិតជាមានការរំលោភយកដីអូរប្រាកដមែន។ ជាមួយគ្នានោះ ក៏ពុំមានឃើញមន្ត្រីថ្នាក់លើណាហ៊ានប៉ះពាល់ ឬដាក់ពិន័យរដ្ឋបាលចំពោះមហាសេដ្ឋីស្មៀនរូបនេះឡើយ៕