អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចបើកទ្វារទឹក នៅទំនប់ពាមល្វា-អូរតោង ដោយសារទឹកបានឡើងពេញអាង
កំពង់ស្ពឺ៖ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ប្រកាសនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឡើងពេញៗអាង ។
ដូច្នេះ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ ម៉ែត្រ និង ទំនប់អូរតោង បានបើកទ្វារទឹក ចំនួន៧ទ្វារទឹក ។ ក្នុងនោះ ២ទ្វារបើកកម្ពស់ចំនួន ០,៥ម៉ែត្រ ៣ទ្វារបើកកម្ពស់ចំនួន ៧តឹក និង ២ទ្វារ បើកកម្ពស់១ម៉ែត្រ ៕