រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធរៀបចំបាវដីទំនប់សម្រាប់ទប់ទឹក នៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ ធ្វើការរៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា: តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម វិសម្ពាធ និងសម្ពាធទាបដែលបណ្ដាលមកពីព្យុះទី១៧ ឈ្មោះ សូឌែល នឹងនាំឲ្យមានភ្លៀងធ្លាក់បន្តទៀតនាពេលខាងមុខ ដែលការណ៍នេះនឹងនាំឲ្យកម្ពស់ទឹកកាន់តែមានការកើនឡើង អាចបង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះហើយទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានចាត់វិធានការបន្ថែមទៀត រៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹកនៅទីតាំងនេះ បន្ទាប់ពីបានលើកជាទំនប់ទប់ទឹករួចហើយនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង ដើម្បីបញ្ចៀសការជន់លិច និងបង្កាករណីទឹកហៀរហូរកាត់ផ្លូវដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ។
ហើយក្រៅពីវិធានការនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញរៀបចំបាវខ្សាច់យកទៅទប់នៅមាត់រ៉ឺហ្គែរលូដើម្បីទប់ទឹកហៀរពីខាងក្រៅហូរចូលមកក្នុងក្រុងវិញ និងត្រៀមម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដាក់នៅតាមទីតាំងសំខាន់ៗ ដើម្បីបូមទឹកចេញពីក្នុងក្រុង ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកហូរចេញយឺត និងមានការជន់លិចកើតឡើង ។
ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានាដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ហើយរដ្ឋបាលខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ៕