Wednesday, February 5, 2025
Latest:

(ភ្នំពេញ) ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែតុលា​ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំក្នុងអំឡុងពេលទឹកលិចកំណាត់ផ្លូវជាតិលេខ៥ និងផ្លូវលំនានាក្នុងផូមិសាស្ត្រទីប្រជុំជននៅក្រុងប៉ោយប៉ែត។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលអង្កភាពសារព័ត៌មាន Sky News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា៖ ដោយរងឥទ្ធិពលជំនន់ទឹកភ្លៀងលិចពីព្រះរាជាណាចក្រថៃឡង់ដ៍ បានធ្វើអោយកំរិតទឹកកើនឡើងជាកំហុកបណ្តាលអោយលិចលំនៅឋានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនដែលជាប់តាមបណ្តោយអូរព្រំដែនកម្ពុជានិងថៃ រួចច្រាលមកលិចកំណាត់ផ្លូវជាតិលេខ៥ និងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា៖ ដើម្បីការពារសុវត្ថិភាព និងជៀសវាងខូចខាត់ផ្លូវធ្ងន់ធ្ងរ រដ្ឋបាលក្រុង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ៥ត្រង់ចំណុចអាស្រមលោកយាយម៉ៅរហូតដល់ផ្លូវបំបែកកូនដំរីទៅស្រុកម៉ាឡៃ និងផ្លូវក្នុងទីប្រជុំជនក្រុង ចាប់ពីជូនដំណឹងនេះទៅរហូតដល់ទឹកស្រកទៅវិញ៕