ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈចាំបាច់ បំពេញតម្រូវការ គ្រួសាររងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ!
នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកជំទាវ គង់ សំអូន ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃស អមដំណើរដោយ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងក្រុមការងារ បាននាំយក តង់ចំនួន៥០ ធុងស្តុកទឹកចំនួន៥០ ព្រមទាំងដឹកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់ ចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលពួកគាត់មានតម្រូវការចាំបាច់ជាខ្លាំង និងមានសំណូមពរមកកាន់លោក រ័ត្ន ស្រ៊ាង ត្រូវការតង់ដើម្បីសង់ជម្រកនៅទីទួលសុវត្ថិភាព បន្ទាប់ពីគាត់បានជម្លៀសខ្លួនចេញពីផ្ទះដែលកំពុងលិចទឹក និងខ្វះទឹកស្អាតប្រើប្រាស់ ក៏ដូចជាខ្វះធុងស្តុកទឹកផងដែរ។
ក្នុងឱកាស ចុះចែកតង់ ធុងស្តុកទឹក និងដឹកទឹកស្អាត ដាក់ជូនពលរដ្ឋដែលខ្វះខាត ទាំង៥០គ្រួសារ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបជួយគ្រួសារកម្មករសំណង់មួយគ្រួសារ ដែលបាត់បង់ការងារធ្វើ គ្មានជម្រកសមរម្យ និងខ្វះលទ្ធភាពចិញ្ចឹមគ្រួសារ ដោយលោក រ័ត្ន ស្រ៊ាង បាន ឧបត្ថម្ភ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ធុងស្តុកទឹក តង់ ព្រមទាំង ជួយគាត់ឲ្យបានការងារសំណង់ ធ្វើភ្លាមៗ ដើម្បីទទួលបានចំណូលដោះស្រាយជីវភាពគ្រួសារជាបន្តទៅមុខ៕