Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការបញ្ចប់កិច្ចស៊ើបសួរលើជនជាប់ចោទ ហ៊ុយ សេង មន្ត្រីស្មៀនឃុំព្រះស្រែ និងត្រៀមបញ្ជូនសំណុំរឿងទៅជំនុំជម្រះ

(កំពង់ស្ពឺ)៖ លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ចប់នីតិវិធីស៊ើបសួរ លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្ដិ៍ និងបានញ្ជូនទៅតំណាងអយ្យការពិនិត្យតាមច្បាប់ មុនពេលបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះជាសាធារណៈ។ នេះបើយោងតាមលិខិតជូនព័ត៌មានអំពីការបញ្ចប់ការស៊ើបសួរ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា លោកព្រះរាជអាជ្ញារង អ៊ូ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបសួរ និងសម្រេចចោទប្រាកាន់លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ដែលធ្លាប់ប្រកាសប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ និងធ្លាប់ប្ដឹង ,គំរាមប្រជាជនណាដែលហ៊ានចេញមុខការពារដីរដ្ឋ ,ដីរួម និងជួយប្រជាជនរងគ្រោះព្រោះឈ្មួញលួចដីយកទៅលក់នោះ ត្រូវបានពលរដ្ឋរងគ្រោះប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្តិ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដើម្បីឲ្យជួយរកយុត្តិធម៌។

ជាមួយនឹងការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នេះ តំណាងអយ្យការក៏បានចេញលិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ តាមរយៈក្រសួងយុត្តិធម៌ ស្ដីពី ការចោទប្រកាន់លើជនជាប់ចោទរូបនេះផងដែរ។

យោងតាមមាត្រា ៥២ នៃច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា អ្នករាជការណាដែលកំពុងជាប់ការចោទប្រកាន់ទៅតុលាការជំនុំជម្រះ អាចត្រូវផ្អាកពីមុខងារសិន ក្នុងករណីចាំបាច់។

ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវរូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹងទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរកាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈ។ 

ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរជំនាញថ្នាក់លើណា ហ៊ានឲ្យមន្ត្រីស្មៀនដែលមានលុយរាប់មិនអស់រូបនេះ វាយរបងបេតុងនោះចេញនៅឡើយទេ គឺបានត្រឹមតែចុះពិនិត្យ និងធ្វើកំណត់ហេតុជូនថ្នាក់លើថាពិតជាមានការរំលោភយកដីអូរប្រាកដមែន។ ជាមួយគ្នានោះ ក៏ពុំមានឃើញមន្ត្រីថ្នាក់លើណាហ៊ានដាក់ពិន័យរដ្ឋបាលចំពោះមហាសេដ្ឋីស្មៀនរូបនេះឡើយ៕