ចៅអធិការស្តីទី ដែលវាយលោកនេនបាក់ធ្មេញរង្គើថ្គាម ព្រមទទួលកំហុស និងស្ម័គ្រចិត្តលាចាកសិក្ខាបទហើយ!
ខេត្តកំពង់ធំ)៖ កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ សង្ឃ ហ៊ុម ហឿន ជាចៅអធិការស្តីទី យល់ព្រមទទួលសារភាពនូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា និងសរសេរលិខិតស្ម័គ្រចិត្តលាចាកសិក្ខាបទខ្លួនឯងដោយគ្មានអ្នកណាបង្ខិតបង្ខំទេ ។ ដែលបានបង្កអំពើហិង្សាវាយតប់ទៅលើនេនឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ ។
ដំណើរដើមហេតុ ៖កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២ វិច្ឆិកា ស្ថិតនៅក្នុងព្រះវិហារមួយក្នុងវត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចៅអធិការស្តីទី ឈ្មោះ ហ៊ុម ហឿន ខឹងជាមួយកូននេនឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំ ខនខានចូលព្រះវិហារសូត្រធម៌និងថ្វាយបង្គំព្រះមួយល្ងាច ក៍ហៅមកហើយប្រើហឹង្សា ដាល់ វាយដំទាត់ធាក់ បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរពេញរាងកាយ ។
កូននេនជាជនរងគ្រោះ ឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបានរៀបរាប់ប្រាប់ថា៖ មុនដំបូងចៅអធិការវត្តស្តីទី បានហៅលោកនេនទៅសួរនាំរឿងខនខានមិនបានចូលព្រះវិហារសូត្រធម៌ ពេលលោកនេនទៅដល់ហើយអង្គុយលុតជង្គង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វ៉ៃលោកនេនដោយប្រើកណ្ដាប់ដៃដាល់លើផ្ទៃមុខ បណ្តាលឲ្យកូននេនដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ យកជើងធាក់កន្ត្រុំក្បាលលោកនេនតូច ហើយក៏យកដៃចាប់បោកក្បាលលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោកលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែលើកមិនរួច ពេលនោះ លោកនេនក៏រើបំរះ រួចរត់ចេញពីព្រះវិហារ ចំណែកលោកនេនផ្សេងៗទៀតឃើញដូច្នោះ ក៏នាំគ្នារត់ចែកជើងពេញព្រះវិហារ ។
ពាក់ព័ន្ធករណីខាងលើនេះ ព្រះតេជគុណ គ្រឹស្ត ប៊ុនធឿន ព្រមេគុណស្រុកបារាយណ៍មានសង្សដិកាថា រឿងរាវនេះមានការពាក់ព័ន្ធច្រើនណាស់ កន្លងមកនៅក្នុងវត្តពណ្ណរាយ មិនទាន់មានគ្រូចៅអធិការត្រឹមត្រូវនោះ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនក៏នាំគ្នាស្នើសុំឲ្យលោកចៅអធិការស្តីទីព្រះនាម ហ៊ុម ហឿន ព្រះជន្មជាង៣០ឆ្នាំខាងលើ មើលការខុសត្រូវក្នុងវត្តមួយរយៈសិន ។
ចំណែកនេនរងគ្រោះដែលត្រូវលោកវាយនោះ ក៏មានអ្នកគាំទ្រឲ្យលោកឡើងធ្វើជាចៅអធិការវត្តទាំងវ័យក្មេងដែរ ដែលជាហេតុនាំឲ្យមានកាកាច់កុងគ្នា ដោយសារតែខ្វះធម៌ខន្តីមិនបាននោះ លោកក៏ទៅបញ្ចេញកំហឹងដាក់នេនខាងលើ ដើម្បីប្រមានអ្នកនៅពីក្រោយខ្នងលោកនេននោះ ។ ហើយខាងព្រះអង្គជាមេគុណស្រុក និងអាជ្ញាធរក៏ធ្វើដោះស្រាយដោយសន្តិវិធីរួចរាល់អស់ ដោយភាគីខាងនេនរងគ្រោះនិងក្រុមគ្រួសារសុខចិត្តទទួលយកសំណងជម្ងឺចិត្ត និងការព្យាបាល ចំណែកផ្លូវច្បាប់យ៉ាងណាទៀតនោះ ស្រេចតែលើច្បាប់ចុះ៕