Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

អាជ្ញាធរថៃឃាត់ខ្លួនមេខ្យល់ និងពលករខ្មែរ២១នាក់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តស្រះកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបានឃាត់ខ្លួនមេខ្យល់ថៃ និងប្រជាពលរដ្ឋខ្មែរ ចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆ្លងដែនដោយខុសច្បាប់ នៅក្នុងបរិវេណវត្ដបានទុន ឃុំបានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

មន្រ្ដីនគរបាលថៃ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះថៃ បានឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែន និងឆ្លងដែនដោយខុសច្បាប់ចំនួន២១នាក់ រួមមាន ឈ្មោះ ថៈវ៉ាច់ឆៃ សុរិវាល អាយុ២៧ឆ្នាំ ជាមេខ្យល់ជនជាតិថៃ និងឈ្មោះ បូត រឿន អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ ព្រមទាំងបក្ខពួកជនជាតិខ្មែរ៨នាក់ សរុប៩នាក់ ព្រមទាំងវត្ថុតាង រថយន្តដឹកអ្នកដំណើរ ទួររីស ម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ข-3805 ឈុន បុរី ចំនួនមួយគ្រឿង នៅបរិវេណថ្នល់ចូលវត្ត បានទុន ឃុំ បានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់មក សមត្ថកិច្ចថៃ ចាប់ឃុំឈ្មោះ ម៉ាណប ទ្រង់ទ្រព្យ ភេទប្រុសអាយុ៤២ឆ្នាំ មេខ្យល់ ជាជនជាតិថៃ នៅឃុំ ណង វ៉ា ស្រុក ឆៅ ឆះកន ខេត្តស្រះកែវ, នាង សាកួន ផន អាយុ២០ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងបក្ខពួកជនជាតិខ្មែរ៩នាក់ទៀត សរុប១០នាក់ រួមទាំងវត្ថុតាង រថយន្តដឹកអ្នកដឹកអ្នកដំណើរ ប្រភេទទួរីស ពាក់ស្លាកលេខ 34-19 68 ក្រុងថេប ចំនួនមួយគ្រឿង នៅលើដងផ្លូវចូលវត្តបានទុន ឃុំ បាន ដាន ស្រុកអារញ្ញ ខេត្តស្រះកែវ។

បើតាមសារព័ត៌មានថៃ បានរាយការណ៍ថា សមត្ថកិច្ចបានចាប់ឃុំខ្លួនជនសង្ស័យខាងលើ ហើយបានចោទប្រកាន់មេខ្យល់ជនជាតិថៃ២នាក់ និងពលករខ្មែរទាំង១៩នាក់ ពីបទ«លាក់បំពួន ជួយសង្រ្គោះ ដោយប្រការណាមួយ ដើម្បីឲ្យបុគ្គលបរទេស ដែលចូលប្រទេសដោយខុសច្បាប់ រួចផុតពីការចាប់ឃុំខ្លួន។ ក្រោយពេលឃាត់ខ្លួន អាជ្ញាធរថៃ បានបញ្ជូនមេខ្យល់ថៃ២នាក់ និងពលករខ្មែរ ចំនួន១៩នាក់ទៅប្រគល់ជូនសមត្ថកិច្ចជំនាញស្រុកអារញ្ញ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕