ពលរដ្ឋខេត្ត ឧត្ដរមានជ័យ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបល្បែងសុីសង ខុសច្បាប់ ឆ្នោតវៀតណាម ប្រសិនបើ បើកកត់ឡើងវិញ
ឧត្ដមានជ័យ ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ ជាពិសេស នៅស្រុកអន្លង់វែង ដែលពួកគាត់ទាំងអស់គ្នា មានការងឿងឆ្ងល់ និងបាននិយាយតៗគ្នាថា ក្រោយពីមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ប៉ែន កុសល្យអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទៅលោកឧត្តមសេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាលខេត្ត និងអធិការនគរបាលគ្រប់ស្រុក សហការជាមួយលោក ព្រះរាជអាជ្ញា ទឹម ស៊ីណា បានចុះបង្រ្កាបល្បែងស៊ីសង ឆ្នោតវៀតណាម យ៉ាងក្តៅ គគុកនិងចាស់ដៃ ប៉ុន្មានថ្ងៃជាប់ៗគ្នា កន្លងមកដែលធ្វើឱ្យប្រជាពលរដ្ឋ មានការ ពេញចិត្តនិងគាំទ្រយ៉ាងខ្លាំង ចំពោះវិធានការបង្ក្រាប ល្បែងសុីសង ខុសច្បាប់នេះ ។ ប៉ុន្តែក៏នៅមានលេចលឺ ព័ត៌មានចេញពីមហាជនថាមានមនុស្ស មួយក្រុមដែលអះអាងថា ខ្លួនជាក្រុមមេខ្លា ឬមេក្លោង មិនដឹងថា មកពីខាងណានោះទេ ដែលប្រើប្រាស់រថយន្ត ពាក់ស្លាកលេខ 2BF-7712 និង 2AY-7712 ដែលប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ថតបាន ហើយពួកគេទាំងនោះ បានមកបញ្ចុះបញ្ចូលឱ្យមេឆ្នោតវៀតណាម បើកដំណើរការអាជីវកម្មឡើងវិញ ដោយពួកគេធានាការពារ និងបានប្រាប់ថា មិនត្រូវលួចលក់ឱ្យអ្នកផ្សេងក្រៅពីក្រុមពួកគេឡើយ បើមិនអញ្ចឹងទេ គេមិនធានាលើសុវត្ថិភាពលក់ឆ្នោតវៀតណាម នោះឡើយ ។ ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ថា ក្រុមនេះមានអ្នកធំណាមួយនៅខាងក្រោយខ្នងនោះទេ ! ទើបបានជាហ៊ានធានាសុវត្ថិភាព និងបើកដៃឱ្យមេឆ្នោតវៀតណាម បើកកត់ ឡើងវិញ យ៉ាងដូច្នេះ ហើយហ៊ាន តាងមនុស្សមួយចំនួនដូចជា ៖ លោក រតនៈ( ជាងជួលជុលរថយន្ត) មេឆ្នោតវៀតណាម ធំជាងគេប្រចាំស្រុកអន្លង់វែង និងមាន កូនកញ្ចែងជាច្រើនទៀតដូចជា លោក ស្រី លីណា លោកស្រី លីន លោកស្រី បរមី លោកស្រីភាព លោកស្រី សុីម និង លោក ស្រី រ៉ែម ។ ក្រុមកត់ ( ឆ្នោត វៀតណាម )ទាំងនេះមិនដែលខ្លាច ញញើតអជ្ញាធរសម្ថកិច្ចឡើយ ។
មហាជន សង្ឃឹមនិងជឿជាក់ថា ក្រោយពីលេចលឺ ព័ត៌មាន ដូចនេះ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន និងយកចិត្តទុកដាក់ ជួយពិនិត្យតាមដានករណីខាងលើនេះ និងបង្ក្រាបបន្តទៀតប្រសិនបើ មានការ បើក កត់ឆ្នោតវៀតណាមឡើងវិញមែន ។ ពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្រ្តីមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ សម្រាប់ការគិតគូរ និងយកចិត្តទុកដាក់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ៕