Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលបង្ក្រាប ករណី​ជួញដូរគ្រឿង​ញៀន ទ្រុងទ្រាយធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនជិត ៥០គីឡូក្រាម

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្សសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបករណីគ្រឿងញៀននៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនជិត៥០គីឡូក្រាម

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ

វត្ថុតាងចាប់យកបានរួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ១០០ក្រាម។

បន្ទាប់មកដល់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រហែល១២:៥នាទី កម្លាំងសមត្ថកិច្ចបានបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។

លទ្ធផលចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៤៧៧៨០.៨៧ក្រាម។

អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម។

នីមេតាហ្សេប៉ាម ៧៧.០៤ក្រាម។

វត្ថុតាងចាប់យកសរុបរួម៖ ទម្ងន់ ៤៨១៦០,៥៤ក្រាម

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការបន្តតាមនីតិវិធី៕