Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ប្រជាពលរដ្ឋរងគ្រោះ នាំគ្នាដាក់ពាក្យប្ដឹងក្រុមឆបោកប្រាក់ជាលក្ខណៈប្រព័ន្ធ នៅស្រុកបរសេដ្ឋ

(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការបែកធ្លាយ ករណីឆបោកប្រាក់ជាលក្ខណៈប្រព័ន្ធ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឥឡូវនេះក្រុមជនរងគ្រោះ បានដាក់ពាក្យប្ដឹងក្រុមជនឆបោកទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យជួយរកយុត្តិធម៌ និងចាប់ខ្លួនក្រុមខិលខូចទាំងអស់នោះ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់បានចាញ់បោកក្រុមជនសង្ស័យទី១ឈ្មោះ ជិន វិបុល, ទី២ឈ្មោះ ជិន ចាន់ឡឹក, ទី៣ឈ្មោះ ជិន ស្រីនាង ,ទី៤ឈ្មោះ ជិន សុខេង ,ទី៥ឈ្មោះ ជិន ស្រីពៅ និងបក្ខពួកជាច្រើននាក់ទៀត ក្រោមរូបភាព បញ្ចុះបញ្ចូលឲ្យពួកគាត់ដាក់ប្រាក់សន្សុំដោយទទួលបានការប្រាក់ខ្ពស់ពី ១៥ ទៅ៣០ភាគរយក្នុងរយៈពេល ១ ទៅ ២សប្ដាហ៍ កាលពីអំឡុងឆ្នាំ២០១៨។

ប្រជាពលរដ្ឋរងគ្រោះ បន្ដថា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២០ ទើបបែកធ្លាយថា នេះជាករណីឆបោក ព្រោះក្រុមជនសង្ស័យពុំបានយកប្រាក់ទៅទូទាត់ជូនប្រជាពលរដ្ឋម្ចាស់លុយតាមការសន្យានោះទេ។ ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋ ចាញ់បោកក្រុមជនសង្ស័យខាងលើ មានចំនួនរាប់សែន ទៅដល់លានដុល្លារ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋរាប់សិបគ្រួសារ បានលើកគ្នាទៅសាលាឃុំពោធិ៍ចំរើន ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះ ប៉ុន្តែហាក់ពុំសូវបានអាជ្ញាធរយកចិត្តទុកដាក់ឡើយ ទើបពួកគាត់សម្រេចរកមេធាវី ដាក់ពាក្យប្ដឹងក្រុមជនសង្ស័យតាមផ្លូវច្បាប់។

ជុំវិញករណីឆបោកខាងលើនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងជាសាធារណៈថា កន្លងទៅអាជ្ញាធរធ្លាប់អប់រំពលរដ្ឋដែរ ប៉ុន្តែពលរដ្ឋមិនព្រមស្ដាប់ទើបឈានដល់ចាញ់បោកក្រុមជនខិលខូចទាំងអស់នោះ៕