ប្រទះឃើញសាកសពបុរសម្នាក់ក្នុងវ៉ាលី បោះចោលក្នុងគំនរសម្រាម សង្ស័យជាករណីឃាតកម្ម
ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅទីលានចាក់សម្រាម បានប្រទះឃើញសព បុរសម្នាក់ ត្រូវគេសម្លាប់ ញាត់ចូលវ៉ាលី បោះចោលក្នុងគំនរសម្រាម នៅទីតាំងចាក់សំរាម ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋ នៅទីលានចាក់ សម្រាម បានធ្វើការដូចសព្វដង ហើយក៏បានប្រទះឃើញវ៉ាលី គួរឲ្យសង្ស័យ ក៏បើកមើល រួចបានប្រទះឃើញសាកសពបុរសម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល និងបានប្តឹងសមត្ថកិច្ច ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណជា ៦ កន្លះ ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ ។ មកដល់ថ្ងៃត្រង់ ថ្ងៃនេះ សពបុរសរងគ្រោះ នៅមិនទាន់មាននរណាស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ច បានតម្កល់សព ទុកនៅវត្តស្ទឹងមានជ័យ។
ករណីនេះ សមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីបញ្ជាក់ថា ជាករណី អ្វីឲ្យពិតប្រាកដ និងរកជនដៃដល់ យកមកផ្តន្ទាទោស តាមច្បាប់ ៕