Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមប្រើកាំបិតប៉័ងតោ កាប់ប្លន់ម៉ូតូ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បង្ក្រាបបាន៣នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ ចំនួន៣នាក់ ជាបន្ដបន្ទាប់ ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោ (ប្រើកាំបិតប៉័ងតោ គំរាមប្លន់យកម៉ូតូ) នាពេលកន្លងទៅ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បូរ ប៊ុនធឿន អាយុ២៥ឆ្នាំ នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ គំរាមប្លន់យកម៉ូតូ) ម៉ាក BEAT ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខតាកែវ1V-2523 ពីជនរងគ្រោះឈ្មោះ តឿង ប៊ុនធឿន អាយុ៣៩ឆ្នាំ មុខរបរមេកាសំណង់ ស្នាក់នៅផ្ទះជួលភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ដោយអនុវត្តន៍វិធានការជំនាញ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល តំណាងអយ្យការ នៅរសៀលថ្ងៃដដែល កម្លាំងជំនាញបានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាំខ្លួនជនសង្ស័យដែលជាបក្ខពួក២នាក់បន្ថែមទៀត ទី១៖ ឈ្មោះ អាន សំអន អាយុ១៨ឆ្នាំ និងទី២៖ ឈ្មោះ ឌឿន សៅរាសី អាយុ២១ឆ្នាំ។

បើតាមលោកវរសេនីយ៍ទោ នួន សានិត ក្រោយការសាកសួរជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកខ្លួនមានគ្នាទាំងអស់៨នាក់ ឃាត់ខ្លួនបាន៣នាក់ ៥នាក់ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ គំរាមប្លន់យកម៉ូតូ) ពីជនរងគ្រោះពិតប្រាកដមែន ហើយឈ្មោះ បូរ ប៊ុនធឿន បានយកម៉តូជនរងគ្រោះទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ដេកចាំនៅផ្ទះសំណាក់សារិកា២ ម្តុំជ្រោយចង្វារ បានប្រាក់៥៥០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំនីតិវិធី។