អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបទីតាំងល្បែងសុីសង(ឆ្នោតឡូតូ)នៅផ្ទះលក់កាហ្វេផ្លូវ២៧១ក្បែស្តុបណូគា ឃាត់មនុស្ស៣នាក់ ល្បីថាជារបស់លោកឧកញ៉ាខ្នា តើការពិតដែរទេ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងល្បែងសុីសង ខុសច្បាប់( ឆ្នោតឡូតូ )មួយកន្លែងនៅក្នុងផ្ទះលក់កាហ្វេ ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់និងចាប់យកវត្ថុតាងមួយចំនួន។
ហើយប្រភពពីប្រជាពលរដ្ឋនៅក្បែនោះបានបង្ហើបថាទីតាំងនេះ មេក្លោងគឺជាលោកឧកញ៉ាខ្នា ។
ករណីបង្ក្រាបនេះកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសល្បែងស៊ីសង ( ឆ្នោតឡូតូ ) ខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមនិងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាតនូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតផងដែរ។
បើតាមប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក សៀង សេន បានបញ្ជាក់ថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវករណី (ឆ្នោតឡូតូ) នេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងបនល្បែងស៉ីសងមួយនេះកំពុងបើកលេងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ Keno Online ជ្រកក្រោមស្លាក ( ឆ្នោតឡូតូ ) ទើបកម្លាំងជំនាញចុះស្រាវជ្រាវរកឃើញជាក់ស្តែង រួចធ្វើការបង្ក្រាបតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី។
ដោយឡែក មហាជនមើលឃើញថា ក្រុមហ៊ុន ឆ្នោតឡូតូ៦លេខនេះ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូ មួយនេះឲ្យទៅជាល្បែងស៊ីសង តាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចពញើតអាជ្ញាធរមានសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមកន្លែងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ ថែមទៀតផង ។
គួរបញ្ជាក់ដែរថា ជុំវិញករណីខាងលើនេះ ថ្វីបើប្រភពពីប្រជាពលរដ្ឋបានអះអាងថាទីតាំងនេះគឺជារបស់លោក ឧកញ៉ាខ្នា ក៏ពិតមែនប៉ុន្តែអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកបានទេ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង ៕