ឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ពាក់ពន្ធ័ករណីរំលោភហើយ បង្ខាំងមនុស្សទុកជំរិតទាប្រាក់
ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់នារីរងគ្រោះ ថាមានគេតេជំរិតទារប្រាក់ចំនួន ១០លានរៀល ជាថ្នូរនឹងការដោះលែងកូនស្រីរួចមក លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យបង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ទវៈ នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និងបានរំដោះនារីដែលជាជនរងគ្រោះចេញពីការបង្ខាំងបានដោយសុវត្ថិភាព។
ជនសង្ស័យឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
ជនរងគ្រោះឈ្មោះ អ ស ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់