Sunday, November 24, 2024
Latest:
ព័ត៌មាន​ជាតិ

គណបក្សប្រជាជនកម្ពុជា បានដំឡើងឋានៈ ឯកឧត្តម ហ៊ុន ម៉ាណែត ជា«អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈជា អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ 

បើតាម សេចក្តីសម្រេច ចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធាន គណបក្សប្រជាជនកម្ពុជា។

ការតែងតាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមុនការតែងតាំងនេះ លោកមានតួនាទីជាប្រធានយុវជឲគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាសមាជិកគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលផងដែរ។

 ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាបច្ចុប្បន្ននេះ ដឹកនាំដោយ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។ លោកអះអាងថា ការដំឡើងឋានៈនេះ គឺបន្ថែមលើមុខងារបច្ចុប្បន្នរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គណៈចលនាមហាជន មានតួនាទីសំខាន់ ក្នុងការឃោសនាផ្សព្វផ្សាយ អំពីគោលនយោបាយ ដែលធ្វើយ៉ាងណាឱ្យមហាជនមានការយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការ កាលពីទី១៣ ខែមិថុនា ឆ្នាំ២០២០។ ការតែងតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវជននានា នៅក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ៕