សមត្ថកិច្ចរករថយន្តរបស់ជនសង្ស័យដែលបាញ់៩គ្រាប់ ត្រូវក្បាលមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្លាប់ម្នាក់ឃើញហើយ តែជនសង្ស័យគេចខ្លួនបាត់
ភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស RX300 ត្រូវបានជនសង្ស័យដែលបានបាញ់សម្លាប់មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលកាលពីរំលងអធ្រាត្រថ្ងៃទី៣០នោះ យកទៅប្លុងចោល នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។
គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចណ៍កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នៅ តាមបណ្តោយផ្លូវសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ រ៉េត ស៊ីនេត ហៅ ញ៉ក់ ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការដ្ឋាន រាជធានីភ្នំពេញ ហើយជនរងគ្រោះ ក៏ជាម្ចាស់ហាងបាយដ៏ល្បីនៅម្តុំបាក់ទូកផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បើករថយន្តម៉ាក FORD ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3738 តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត lexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-4546 បើកមកបុកពីក្រោយ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច បន្ទាប់មកភាគីទាំងសងខាង បានឈប់ដើម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡើងទៅលើរថយន្ត ចំណែកបក្សពួក២នាក់ទៀត បានដកកាំភ្លើងមិនចាំម៉ាក បាញ់ប្រហារ ទៅលើជនរងគ្រោះ ចំនួន៩គ្រាប់ បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ដោយចំក្បាល ២គ្រាប់ និងត្រូវចំដើមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហាររួច ក្រុមជនបង្កបានបើករថយន្តគេចខ្លួនបាត់ទៅ ៕