ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភំ្នពេញ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការផ្តល់អនុសាសន៍នេះ ធ្វើឡើងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលសន្និបាតអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព និងនាយការិយាល័យទាំងអស់ ចំណុះអោយផែនសេនាធិការ។
អនុសាសន៍៤ចំណុច ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់នោះរួមមាន ៖
១-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង
២-ត្រូវមានភាពជាអ្នកដឹកនាំ
៣-ត្រូវពង្រឹងវិន័យកងកម្លាំង និងសមត្ថភាព
៤-ត្រូវមានការយោគយល់អធ្យាស្រ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក្នុងនាមឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់ លោកប្រធាននាយកដ្ឋានថ្មីទាំង២ ដែលទើបផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង រួមមាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយកដ្ឋានរដ្ឋបាលទូទៅ « ត្រូវពង្រឹងសមត្ថភាពមន្រ្តី នៃនាយកដ្ឋាន, ត្រូវបន្តសហការគ្នាឲ្យកាន់តែប្រសើរថែមទៀត ទោះជាមានបញ្ហាប្រឈមដោយជំងឺកូវីដ១៩ក៏ដោយ, ត្រូវដឹកនាំបងប្អូនឲ្យបានល្អបន្តពីប្រធាននាយកដ្ឋានចាស់, ត្រូវមានការលើកសរសើរ ជូនរង្វាន់ចំពោះមន្រ្តីមានស្នាដៃ ដែលបានខិតខំបំពេញភារកិច្ច»។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបន្ថែមថា «ដើម្បីសម្រេចការងារបានជោគជ័យ ត្រូវមានការចាត់តាំងអនុវត្តច្បាស់លាស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងនោះនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ជាកម្លាំងចលករដ៏សំខាន់សម្រាប់នគរបាលប៉ុស្តិ៍ទូទាំងប្រទេស។ ហើយទោះបីប្រធាននាយកដ្ឋានថ្មីទាំង២ ក៏ពិតមែន តែមន្រ្តីនៅដដែល ត្រូវរួមគ្នាដោះស្រាយការងារដោយប្រមូលធាតុចូលឲ្យបានច្រើន ដើម្បីសម្រេចផលប្រយោជន៍រួម»។ ឯកឧត្តមបន្តថា «នាយកដ្ឋានកិច្ចការប៉ុស្តិ៍ត្បិតទើបតែបង្កើតមិនយូរប៉ុន្មាន ប៉ុន្តែសម្រេចបានលទ្ធផលការងារគួរជាទីមោទនៈ»។
ជាចុងក្រោយ តាងនាមឲ្យឯកឧត្តមអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គស្នងការរង បានជូនពរដល់កងកម្លាំងទាំងអស់ ពិសេសដល់ក្រុមគ្រួសារថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាពនាយការិយាល័យ ដែលបានចូលរួមក្នុងពិធីនេះ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១នេះ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។
សូមជ្រាបថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនួសឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ីង សំអុល ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ និងលោកឧត្តមសេនីយ៍ទោ អ៉ឹម សត្យា ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ ជំនួសឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕