ឈាមស្រែកស្បែកហៅ!! ឃាតករដែលចាក់សម្លាប់នារីវ័យក្មេងអាយុ១៨ឆ្នាំ យ៉ាងឃោរឃៅនៅក្រុងតាខ្មៅឥឡូវឃាត់ខ្លួនបានហើយ
ខេត្តកណ្តាល៖ នៅវេលាម៉ោងជាង១១ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចាក់សម្លាប់នារីវ័យក្មេងម្នាក់អាយុ១៨ឆ្នាំ បានហើយ ប្រតិបត្តិការនេះ គឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ករណីចាក់សម្លាប់មនុស្សនារីវ័យក្មេងម្នាក់អាយុ១៨ឆ្នាំ នេះ គឺកើតឡើង ក្នុងបន្ទប់ជួយមួយកន្លែង ស្ថិតនៅភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ថា ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេង គឺ ចាប់បានហើយ ដោយសមត្ថកិច្ចលោកកំពុងធ្វើការសាកសួរ នៅពេលនេះ ជនសសង្ស័យមិនទាន់សារភាពនៅឡើយទេ ។
ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ខណៈជនសង្ស័យប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ ៕