Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតប្រអប់ស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងរោងចក្រ ផ្នែកខាងក្រោយ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លើងឆេះខ្មួលខ្មាញ់ឡើងតែម្ដង។ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យទាក់ទងទៅការិយាល័យជំនាញចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ តែដោយសារតែរោងចក្រផលិតប្រអប់បាយធ្វើពីស្នោ មានការឆាបឆេះលឿនពេក គឺមិនងាយគ្រប់គ្រងបានឡើយ។

​ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាង១០គ្រឿងចេញមកធ្វើអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់ជៀសវាងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

​ ក្រោយពីបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានសន្និដ្ឋានជាជំហានដំបូងថា មូលហេតុកើតឡើងសង្ស័យមានការឆ្លងចរន្តអគ្គិសនី៕