សូមមេត្តាប្រុងប្រយ័ត្ន ល្បិចឆបោកលួចព័ត៌មានគណនីវីង តាមរយៈកម្មវិធី Telegram Chat Bot
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានអោយដឹងថា ក្រុមការងារបានសង្កេតឃើញ សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា «Wing Giveaways» អំពីការទទួលបានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភក្តិ ។
នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា «Wing Giveaways» នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា ៖
-អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត
-លេខគណនីវីង (Wing Account Number)
ក្រុមការងារសូមធ្វើការណែនាំបងប្អូនមេត្តាបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និង កុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬ លួចផ្ទេរប្រាក់ ។ល។
ជាមួយគ្នានេះ ធនាគារឯកទេស វីង បានអោយដឹងដែរ ថា «យើងខ្ញុំសូមជម្រាបជូនថា បច្ចុប្បន្នធនាគារឯកទេសវីងពុំមានគណនី Telegram នោះទេ យើងមានតែគណនា WhatsApp (078 999 489) និង មានទំព័រហ្វេសប៊ុកផ្លូវការតែមួយគត់ ដែលមានសញ្ញាគ្រិះពណ៌ខៀវជាសម្គាល់ (Wing)»។
ទំព័រហ្វេសប៊ុក ឬ គណនីផ្សេងទៀត មិនមែនជារបស់ធនាគារយើងខ្ញុំឡើយ ។ សម្រាប់សំនួរអំពីផលិត និង សេវាកម្មផ្សេងៗ លោកអ្នកអាចផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង ឬ ក៏ទាក់ទងមកលេខទូរស័ព្ទ៖ +855 23 999 989 | 012 999 489 រៀងរាល់ម៉ោងធ្វើការ ៕