ប្លន់រហូតសមត្ថកិច្ចមូលដ្ឋានគ្មានសមត្ថភាពតាមចាប់ក្រុមជនសង្ស័យ
ភ្នំពេញ៖ យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមធ្វើ សកម្មភាពវាយប្លន់យកម៉ូតូ០១៨បានសម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្តិភាព
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវមៅ សេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ជនរងគ្រោះដែលក្រុមចោរប្លន់យកម៉ូតូទៅបាត់មាន ឈ្មោះ រុណ រតនី ភេទប្រុស អាយុ២០ឆ្នាំ មុខរបនៅ ហាងម៉ាស្ទរ ស្នាក់នៅម្ដុំផ្សារស្ទឹងមានជ័យ និងមានស្រុកកំណើតខេត្តឧត្ដមមានជ័យ ។ ចំណែកម៉ូតូដែល បាត់បង់ ម៉ាកហុងដាឌ្រីម C125ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្ដមានជ័យ 1D-3069 ។
បើតាមសម្ដីយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅ មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងតែ ម្នាក់ឯងចេញពីផ្ទះសង្សារបំណងទៅទិញអីហូប ខណៈជិះបានពាក់ណ្ដាលផ្លូវ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកតាមក្រោយ រួចបានធ្វើសកម្មភាពវាយទៅលើរូបគេ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរងរបួសស្រាល រួចប្លន់យកម៉ូតូហុងដាឌ្រីម០១៨បានសម្រេច រួចបាននាំគ្នាជិះគេចខ្លួនបាត់ ស្រមោលដោយសុវត្តិភាព។ ចំណែកជនរងគ្រោះបានត្រឹមតែឈរសោកស្ដាយម៉ូតូ និងរៀបរាប់ហេតុការណ៍ ប្រាប់អ្នកសារព័ត៌មានតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ គ្មានសមត្ថភាពតាមរកក្រុមជនសង្ស័យបានត្រឹមតែនាំយុវជនរងគ្រោះទៅសួរនាំ និងដាក់ពាក្យបណ្ដឹងចោលតែប៉ុណ្ណោះ ៕