Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ម្ចាស់ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើរ ថា ម្ចាស់បំណុលរឹបអូសរថយន្ដ ៥៤គ្រឿង ក្នុងស្ថានភាពកូវីដ១៩ ជាអំពើផ្ទុយពីការអំពាវនាវរបស់សម្តេច នាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ លោក ជុំ សុវណ្ណ ប្រធានក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើរ ចាត់ទុកថាទង្វើរបស់ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក (លក់រថយន្ដបង់រំលស់) ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹបអូស យករថយន្ដចំនួន ៥៤គ្រឿង ដែលគាត់បានទិញរំលស់យកទៅវិញដោយមិនបានយោគយល់ក្នុងសម័យកាលកូវីដ គឺជារឿងអយុត្តិធម៌ និងគួរឱ្យសោកស្ដាយបំផុត ដែលហាក់ដូចជាការសម្លាប់វិស័យឯកជន។

លោក ជុំ សុវណ្ណ បានរៀបរាប់ថា នៅអំឡុងចុងឆ្នាំ២០១៨ ខ្លួនបានទិញរំលស់រថយន្ដប្រភេទទេសចរណ៍ ១៥កៅអី, ២៥កៅអី និង៤៥កៅអី ចំនួន ៥៤គ្រឿង ពីក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ក្នុងតម្លៃសរុប ១,៧០០,៩៧៨.១៥ដុល្លារ។

នៅក្នុងលក្ខខណ្ឌទិញរំលស់រថយន្ដទាំង ៥៤គ្រឿងនោះ លោក ជុំ សុវណ្ណ បានបង់ប្រាក់កក់ចំនួន ២០ភាគរយ សរុបប្រមាណជាជាង ៥០០,០០០ដុល្លារ និងបានបង់ប្រាក់ដើមរំលស់ និងការប្រាក់ជាបន្ដបន្ទាប់រហូតមកពុំដែលអាក់ខាននោះទេ ដែលសរុបប្រមាណជាជិត ៥០០,០០០ដុល្លារបន្ថែមទៀត សរុបទាំងអស់ជិត ១,០០០,០០០ដុល្លារ។

លុះដល់ដើម្បឆ្នាំ២០២០ ដោយសារតែពិភពលោក និងកម្ពុជា ជួបប្រទះបញ្ហា ដោយសារវិបត្តិកូវីដ ក្រុមហ៊ុន ចិន្ដា សុវណ្ណា ក៏ទទួលរងឥទ្ធិពលអាក្រក់នេះ និងពុំអាចប្រតិបត្តិការអាជីវកម្មបាន និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមការពារការឆ្លងរីករាលដាលរបស់ជំងឺកូវីដ ទើបពុំមានប្រាក់ចំណូល ពោលគឺត្រូវបញ្ឈរថយន្ដចោលដោយគ្មានប្រាក់ចំណូល ប៉ុន្តែត្រូវចិញ្ចឹមបុគ្គលិកជិត ២០០នាក់រាល់ថ្ងៃ ទើបពុំអាចមានលទ្ធភាពបង់ប្រាក់ដើមរំលស់ និងការប្រាក់ជូនម្ចាស់បំណុលតាមពេលកំណត់។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុវណ្ណ ដដែល។

លោក ជុំ សុវណ្ណ បន្ថែមថា នៅក្នុងអំឡុងពេលវិបត្តិកូវីដដែលអូសបន្លាយជាច្រើនខែនោះ លោកព្យាយាមសុំការយោគយល់ពីម្ចាស់បំណុល និងសុំប្រគល់រថយន្ដខ្លះត្រឡប់ទៅវិញដើម្បីកាត់រំលស់បំណុល ប៉ុន្តែភាគីម្ចាស់បំណុលមិនយល់ព្រម។

លុះដល់ព្រឹកទី២៥ ខែមករា ឆ្នាំ២០២១ តុលាការ ចុះទៅរឹបអូសរថយន្ដរបស់ក្រុមហ៊ុនលោកដែលទិញរំលស់នោះ ប្រគល់ជូនទៅក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ទាំងអស់។ ការចុះរឹបអូសនេះ ធ្វើឡើងនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ២១៧ (ផ្លូវចំការដូង) ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។

លោក ជុំ សុវណ្ណ សំណូមពរឱ្យប្រមុខដឹកនាំរាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យតាមដានករណីនេះផង ព្រោះលោកយល់ថា សកម្មភាពរបស់តុលាការ និងក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ជាអំពើផ្ទុយពីការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកធ្លាប់បានស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះដល់កូនបំណុល និងកុំរឹបអូសយកទ្រព្យសម្បត្តិរបស់កូនបំណុល នៅក្នុងអំឡុងពេលស្ថាភាពវិបត្តិកូវីដ១៩នេះ។

ទោះបីជាយ៉ាងណា លោក ជុំ សុវណ្ណ បានទទួលស្គាល់ថា លោកពិតជាពុំមានលទ្ធភាពបង់ប្រាក់ដើមរំលស់ និងការប្រាក់ជូនម្ចាស់បំណុលជាច្រើនខែមែន ប៉ុន្តែមិនមែនលោកមិនចង់បង់នោះទេ គឺដោយសារតែវិបត្តិកូវីដ រដ្ឋាភិបាលផ្អាកសកម្មភាពវិស័យទេសចរណ៍ និងគ្មានអ្នកធ្វើដំណើរតាមរថយន្ដក្រុងនោះទេ ម្យ៉ាងលោកត្រូវចិញ្ចឹមបុគ្គលិកជិត ២០០នាក់ក្នុងអំឡុងវិបត្តិនេះផងដែរ។

លោក ជុំ សុវណ្ណ ប្រធានក្រុមហ៊ុន ចិន្ដា សុវណ្ណ ថ្លែងថា បើម្ចាស់បំណុល និងតុលាការរឹបអូសយករថយន្ដទាំង ៥៤គ្រឿងនោះទៅវិញ ក៏គួរតែផ្ដល់ប្រាក់កក់មុន និងប្រាក់បង់រំសល់ដើមតម្លៃឡានមកលោកវិញខ្លះ ទើបយុត្តិធម៌ ប៉ុន្តែផ្ទុយទៅវិញ បែរជាយកទាំងឡាន យកទាំងលុយទាំងអស់ អស់រលីង តើលោកជាអ្នកស៊ីក្នុងវិស័យឯកជនទៅរំពឹងលើអ្វី? បើលុយក៏អស់ ឡានក៏គេយកទៅវិញទទេបែបនេះ? តើវិស័យឯកជនដែលកំពុងរងគ្រោះព្រោះកូវីដ១៩ផង និងរងគ្រោះព្រោះម្ចាស់បំណុលផងអាចមានជីវិតរស់ទៅមុខទៀតបានទេ?

បើយោងតាម កិច្ចព្រមព្រៀងទិញរថយន្ដបង់រំលស់ រវាងលោក ជុំ សុវណ្ណ ជាភាគី (ខ) និងក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ជាភាគី (ក) ត្រង់ប្រការ ១៤ ចំណុច ១៤.៤ បានចែងថា លោក ជុំ សុវណ្ណ សុខចិត្តឱ្យ ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក កាត់កង ឬប្ដឹងទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិទូទាត់បំណុលដែលទិញបង់រំលស់ពី ភាគី (ក) ឱ្យបានគ្រប់ចំនួនរួមទាំង ប្រាក់ដើមបង់រំលស់ ការប្រាក់បង់រំលស់ និងប្រាក់ពិន័យផង៕