មន្ត្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវឱ្យប្រធានមន្ទីរសុខាភិបាលទូទាំងប្រទេសប្រុងប្រយ័ត្នចំពោះជំងឺប្រភេទ «ណូវែលកូរ៉ូណាវីរុស»
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឱ្យប្រធានមន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្ត ប្រុងប្រយ័ត្នចំពោះជំងឺរលាកសួតប្រភេទ «ណូវែលកូរ៉ូណា» ដែលអង្គការសុខភាពពិភពលោកបានផ្តល់ព័ត៌មានមកកាន់កម្ពុជារួចហើយ ដោយក្នុងនោះអង្គការសុខភាពពិភពលោកបានហៅថា «លីមីតធីត លីមិនធូលីមិន ត្រង់មីសសិន»។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា នៅប្រទេសចិន មានបុគ្គលសុខាភិបាលចំនួន ១៥នាក់ហើយ ដែលបានឆ្លងជំងឺនេះពីអ្នកជំងឺ។ ដូច្នេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសខេត្តដែលមានច្រកចេញចូល។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្យខាងចត្តាឡីស័កនៅខាងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានដាក់ម៉ាស៊ីនស្គែន ចំណែកច្រកព្រែកចាក នៅខេត្តកំពតក៏មានម៉ាស៊ីនស្គែន និងខេត្តស្វាយរៀង ក៏មានម៉ាស៊ីនស្គែនផងដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ផងដែរថា សម្រាប់ច្រកដែលមានម៉ាស៊ីនស្គែនស្រាប់ទាំងអស់ត្រូវពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់ និងណែនាំឱ្យបុគ្គលិកទាំងអស់ប្រុងប្រយ័ត្នទៅតាមបច្ចេកទេស ដោយរៀបចំឱ្យមានកន្លែងត្រឹមត្រូវ។ ក្នុងករណីសង្ស័យ ត្រូវរៀបចំបន្ទប់ដាក់អ្នកជំងឺដោយឡែក ហើយត្រៀមសម្ភារបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ផងដែរ៕