Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចចម្រុះរកឃើញម៉ូតូអត់ពន្ធ តួម៉ូតូនិង ម៉ាសុីនម៉ូតូគ្មានបង្កាន់ដៃបង់ពន្ធនាំចូល

ខេត្ដត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឡោមព័ទ្ធផ្ទះដាក់តាំងលក់ម៉ូតូ៩ ទីតាំងផ្សេងគ្នា នៅក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ដោយរកឃើញម៉ូតូអត់ពន្ធចំនួន ៤គ្រឿង តួម៉ូតូចំនួន៥២, ម៉ាសុីនម៉ូតូ ចំនួន១៥ គ្មានបង្កាន់ដៃបង់ពន្ធនាំចូល។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស, លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងកម្លាំងអន្តរាគមន៍នៃស្នងការនគរបាល ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលពី លោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តត្បូងឃ្មុំ។

បើតាមយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ទន្ទឹមនឹងលទ្ធផលនេះ ក៏មានអាជីវករខ្លះមិនយល់ពីកំហុសរបស់ខ្លួន ហើយបានធ្វើការរារាំងបង្កការលំបាកចំពោះសមត្ថកិច្ច។ ជាក់ស្តែងផ្ទះដាក់តាំងលក់ម៉ូតូឈ្មោះ ជាង ម៉េងសាន បានធ្វើការរារាំងការអនុវត្តដីការតុលាការ បង្កការលំបាកចំពោះសមត្ថកិច្ចក្នុងការត្រួតពិនិត្យឆែកឆេរ ដែលចុងក្រោយសមត្ថកិច្ចចម្រុះបានរុករកឃើញ ម៉ូតូចំនួន ៤គ្រឿង អត់ពន្ធនាំចូល នៅក្នុងចំណោមម៉ូតូ ៥០គ្រឿង។

បច្ចុប្បន្ននេះ ទំនិញល្មើសទាំងនេះ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅទីតាំងគយចល័តពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសតាមច្បាប់គយ៕