Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិអ៊ុយហ្គង់ដាម្នាក់ ដកហូតថ្នាំញៀនជិត២គីឡូក្រាម ខណៈប្រុងចេញដំណើរទៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ ជនជាតិអ៊ុយហ្គង់ដាម្នាក់ រួមជាមួយថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម ត្រូវបានកម្លាំងគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំព្រលាន នគរបាលមន្ទីប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការឃាត់ខ្លួនបាន ខណៈរូបគេប្រុងនាំថ្នាំញៀនខាងលើឡើងយន្តហោះក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ។

មន្ត្រីគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង២១ និង៤៥នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ ។ ក្នុងនោះ ខណៈមន្ត្រីគយកំពុងពិនិត្យទៅលើកញ្ចប់អីវ៉ាន់របស់អ្នកដំណើរ ហើយមានការសង្ស័យ ក៏ឆែកត្រួតពិនិត្យមើលរកឃើញម្សៅពណ៌ស ចំនួន២ថង់ ដែលលាក់ទុកក្នុងវ៉ាលីយួរដៃ ដូចគ្រឿងញៀន ក៏សុំកិច្ចសហការពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំព្រលាន មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដោយមានការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនម្ចាស់អីវ៉ាន់ហើយត្រួតពិនិត្យមើល ទើបដឹងថា ជាគ្រឿងញៀន។

ជនសង្ស័យជាម្ចាស់កញ្ចប់អីវ៉ាន់ដែលត្រូវរកឃើញថា ជាគ្រឿងញៀនត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ MUGARWA.JOEL ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិ អ៊ុយហ្គង់ដា កាន់លិខិតឆ្លងដែនលេខB1322978 ត្រូវធ្វើដំណើរតាមជើងយន្តហោះលេខ (OZ.739) ចេញដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ពេលត្រួតពិនិត្យមន្ត្រីគយបានរកឃើញម្សៅពណ៌ស ចំនួន២ថង់ ដែលដាក់លាក់ទុកក្នុងវ៉ាលីយួរដៃ មានទម្ងន់សរុប ១,៩២២.៩០ក្រាម(មួយពាន់ប្រាំបួនរយម្ភៃពីរក្បៀសកៅសិបក្រាម)ជាប្រភេទ ថ្នាំញៀនមេតំហ្វេតាមិន ហើយមន្ត្រីគយបានធ្វើការប្រគល់មនុស្សនឹងវត្ថុតាង ជូនទៅនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធី៕