ថ្នាក់ដឹកនាំខេត្តកំពតចូលរួមធ្វើពិធីសែនព្រេនសុំសេចក្ដីសុខក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិចិន
ខេត្តកំពត៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនឆ្នាំនេះក៏ដូចឆ្នាំកន្លងទៅផងដែរ នៅព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ លាងហៃ ជាវ តាយ ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងកំពត បានចូលរួមក្នុងពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខគ្រប់ប្រការ ដែលពិធីនេះបានប្រព្រឹត្តទៅនៅអាសនៈលោកតា សាលាដំបូងខេត្ត និងនៅ វិហារព្រះម៉ែក្រុងកំពត។
បញ្ជាក់ថា៖រដ្ឋបាលខេត្តកំពត តែងបានធ្វើពិធីសែនព្រេនបួងសួង អ្នកតាចិនជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីជនជាតិចិន-វៀតណាម។ ការធ្វើឡើងនេះជាទម្លាប់ របស់ប្រជាពលរដ្ឋ ជាប់ខ្សែស្រឡាយចិន វៀតណាម ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ផ្ដល់សិទ្ធសេរីភាពទូលំទូលាយនូវជំនឿសានាផ្សេងៗ ដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីគោរព ប្រតិបត្តិរៀងៗខ្លួន។
ការជួបជុំថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋនាពេលនេះ ក្នុងគោលបំណងបួងសួងសុំដល់ទេវតានិងបារមី វត្ថុស័ក្ដសិទ្ធម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាឃុំគ្រងក្នុងទឹកដីខេត្តកំពត សូមបានជួបតែសេចក្ដីសុខចម្រើនគ្រប់ប្រការដល់ប្រជាពលរដ្ឋយើង។