កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិរុករក ប្រទះឃើញគំនរឈើជិត២០០ដុំ ដែលក្រុមឈ្មួញលួចលាក់គ្រោងដឹកចេញតាមជើងទឹក
ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ បានសហការគ្នារួមជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងបរិស្ថាន នៅល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥ និង៣៣នាទី បានចុះប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបទីតាំងគំនរឈើ មួយកន្លែងនៅចំណុចដើមស្វាយធំស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពព័ត៌មានមកថា ឈើទាំងនោះមានប្រមាណជិត២០០ដុំ (មិនទាន់បានវាស់វែង )។ឈើទាំងអស់នោះក្រុមឈ្មួញដឹកប្រមូលផ្តុំលួចលាក់ ឆ្លៀតក្នុងឱកាស ក្នុងពេលមានកម្មវិធីបុណ្យចូលឆ្នាំចិន-វៀតណាម ហើយគ្រោងនឹងដឹកចេញតាមជើងទឹកតាមផ្លូវទឹកក្នុងទន្លេមេគង្គ.ត្រូវបែកការហើយបានបង្ក្រាបទាន់ពេលវេលា ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ ក្រោមបញ្ជារផ្ទាល់នាយឧត្តមសេនីយ៍ សៅ.សុខាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដេីម្បីទប់ស្កាត់ និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ នៅថ្ងៃទី១៣ និងទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ ចែកជា២ក្រុមចុះ ស្រាវជ្រាវ ដើម្បីទប់ស្កាត់និងបង្ក្រាបការលួចលាក់អារ កាប់ឈេីក្នុងតំបន់ការពារដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។