Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តុលាការខេត្តសៀមរាប ផ្តន្ទាទោសឈ្មោះ ចាន់ ពៅ ហៅ ផល ដាក់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធការប៉ុនប៉ងបាញ់សម្លាប់នារីម្នាក់ក្នុងឡាន..!

សៀមរាប៖ លោក មុយ សុភ័ក្ត្រ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល ដាក់ពន្ធនាគាររយៈពេល២៥ឆ្នាំ និង សងសំណងដល់ជនរងគ្រោះឈ្មោះ សំអុល សុខដានី ចំនួន១០០លានរៀល ។

នាពេលសវនាការ គឺ ជនរងគ្រោះបានទាមទារសំណងចំនួន៥០ម៉ឺនដុល្លារ ដើម្បីមើលថែរក្សាសុខភាព និង ចិញ្ចឹមបីបាច់កូនស្រី តែតុលាការសម្រេចអោយត្រឹមតែ១០០លានរៀល ឬ ស្មើនឹង២៥,០០០ដុល្លារ ប៉ុណ្ណោះ ។

អំពើប៉ុនប៉ងឃាតកម្មគិតទុកជាមុន នេះ គឺ បានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

អង្គហេតុ នៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបប្រាប់ ថា ជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល និង ឈ្មោះ សំអុល សុខដានី មានទំនាក់ទំនងស្នេហានឹងគ្នារហូតមានកូនស្រីម្នាក់ ជាចំណងដៃ ។ ក្រោយមក នៅថ្ងៃកើតហេតុ ស្រាប់តែឈ្មោះ ចាន់ ពៅ ហៅផល បានបាញ់ជនរងគ្រោះចំដើមទ្រូងខាងស្តាំ ខណៈជនរងគ្រោះកំពុងដេកលង់លក់ក្នុងឡាន ។ ប៉ុន្តែ សំណាងល្អ ជនរងគ្រោះមិនទាន់ស្លាប់ ក៏បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ចាន់ ពៅ និង រត់អោយគេជួយ រួចផុតពីសេចក្តីស្លាប់តែម្តង ៕